(ម៉ាឌ្រីដ)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) បាននិយាយថា លោកមិនឃើញនោះឡើយ នូវលទ្ធភាពដែលអាចកើតឡើងភ្លាមៗ នៃការឈានទៅសម្រេចបានបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ សម្រាប់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ស្របពេលដែលភាគីទាំងសងខាងហាក់សុទ្ធតែជឿជាក់ថា ពួកគេអាចទទួលជ័យជម្នះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
យោងតាមបទសម្ភាសមួយ ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយកាសែតអេស៉្បាញ អែល ប៉ាអ៉ីស (El Pais) លោក ហ្គូតឺរេស ដែលកំពុងស្ថិតក្នុងប្រទេសអេស៉្បាញ ដើម្បីទទួលពានរង្វាន់ Charles V European Award បានលើកឡើងថា ជំនួសមកវិញ UN កំពុងផ្តោតទៅលើកិច្ចពិភាក្សាជាមួយរុស្ស៉ីនិងអ៊ុយក្រែន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងចំពោះមុខ ដូចជាការព្យាយាមបន្តសុពលភាពកិច្ចព្រមព្រៀងដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីកំពង់ផែសមុទ្រខ្មៅ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៨ ខែឧសភា។
លោកអគ្គលេខាធិការ UN បាននិយាយយ៉ាងដូច្នេះថា «គួរឱ្យសោកស្តាយ ខ្ញុំជឿជាក់ថានៅដំណាក់កាលនេះ កិច្ចចរចាសន្តិភាពហាក់មិនអាចកើតមានឡើងទៅបាននោះទេ ខណៈភាគីទាំងពីរសុទ្ធតែមានជំនឿចិត្តថា ពួកគេអាចទទួលជ័យជម្នះដូចគ្នា។ សម្រាប់ពេលនេះ ខ្ញុំមើលមិនឃើញលទ្ធភាពនៃការសម្រេចបានភ្លាមៗ នូវបទឈប់បាញ់គ្រប់ជ្រុងជ្រោយមួយ ឬកិច្ចចរចាឆ្ពោះទៅរកសន្តិភាពនោះឡើយ ប៉ុន្តែយើងមិនទាន់និយាយអំពីអនាគតទេ»។
គួរបញ្ជាក់ថា នៅពេលសាកសួរអំពីកិច្ចប្រឹងប្រែងដើរតួជាអាជ្ញាកណ្តាលរបស់ចិន ឬរបស់ប្រធានាធិបតីប្រេស៉ីល លោក លូឡា លោក ហ្គូតឺរេស បានសង្កត់ធ្ងន់ដដែលថា ការសម្រេចឱ្យបានសន្តិភាពក្នុងជម្លោះខាងលើ មិនអាចទៅរួចនាពេលភ្លាមៗឥឡូវឡើយ ប៉ុន្តែលោកសង្ឃឹមថា នៅពេលខាងមុខវានឹងអាចទៅរួច។ ទន្ទឹមគ្នានេះ លោកប្រមុខ UN ក៏បានស្ងើចសរសើរគោលជំហររបស់ចិន ដែលចាត់ទុកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជារឿងមិនអាចទទួលបានផងដែរ៕