(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) នៅថ្ងៃអង្គារនេះ បាននិយាយថា សហភាពអឺរ៉ុប (EU) មិនត្រូវមានការខ្លាចញញើតដោយសារតែអំណាចយោធារបស់ទីក្រុងមូស្គូឡើយ ប៉ុន្តែត្រូវបន្តប្រកាន់ជំហរឱ្យរឹងមាំដដែលក្នុងការជួយផ្តល់ការគាំទ្រដល់អ៊ុយក្រែន ទោះត្រូវបើពេលវេលាយូរប៉ុនណាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងសុន្ទរកថាទៅកាន់សមាជិកសភានៅឯសភាអឺរ៉ុប ក្នុងទីក្រុងស្រ្តាស់បួគ (Strasbourg) នៃប្រទេសបារាំង ដែលនៅជាប់ព្រំប្រទល់ជាមួយអាល្លឺម៉ង់ លោក សូល បានលើកឡើងយ៉ាងដូច្នេះថា «ចម្ងាយប្រហែល២,២០០គីឡូម៉ែត្រ ពីភាគឦសានទីនេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានដឹកនាំការធ្វើព្យុហយាត្រាកងទ័ព រថក្រោះ និងមីស៉ីលរបស់លោក នៅថ្ងៃនេះ។ ពួកយើងមិនត្រូវកោតខ្លាចការបង្ហាញសាច់ដុំយោធានេះឡើយ។ ចូរនាំគ្នាបន្តប្រកាន់ជំហរឱ្យរឹងមាំដដែល ក្នុងការគាំទ្ររបស់យើងសម្រាប់អ៊ុយក្រែន ទោះប្រើពេលយូរប៉ុនណាក៏ដោយ»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះ រុស្ស៉ីបានប្រារព្ធខួបទិវាជ័យជម្នះរបស់សហភាពសូវៀត លើណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២ ដោយមានការរៀបចំពិធីព្យុហយាត្រាយោធា នៅឯរដ្ឋធានីមូស្គូ។ សព្វាវុធរុស្ស៉ីដែលបានចូលរួមក្នុងព្យុហយាត្រានោះ រួមមាន រថពាសដែក BTR-82A, ប្រព័ន្ធមីស៉ីលបាលិស្ទីគនុយក្លេអ៊ែរតាក់ទិច Iskander, ប្រព័ន្ធការពារដែនអាកាស S-400 ហើយនិងប្រព័ន្ធមីស៉ីលបាលិស្ទីគយុទ្ធសាស្រ្ត ICBM Yars ជាដើម៕