(ព្យុងយ៉ាង)៖ យោងតាមសេចក្តីរាយការណ៍នាថ្ងៃអង្គារនេះ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា រុស្ស៉ីនឹងទទួលជោគជ័យនៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹង «ពួកចក្រពត្តិនិយម» ដែលហាក់ចង់សំដៅទៅលើអ៊ុយក្រែន និងក្រុមលោកខាងលិចដែលគាំទ្រទីក្រុងកៀវ ដូចជាសហរដ្ឋអាមេរិក ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
យោងតាម KCNA លោក គីម ជុងអ៊ុន បានថ្លែងប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងលិខិតមួយច្បាប់យ៉ាងដូច្នេះថា «យើងផ្ញើការជូនពរដ៏កក់ក្តៅទៅកាន់អ្នក ទៅកាន់កងទ័ពរុស្ស៉ី ក៏ដូចជាទៅកាន់ប្រជាជនរុស្ស៉ីទាំងអស់ សម្រាប់ការខំប្រឹងប្រយុទ្ធតស៊ូ ដើម្បីការពារសន្តិភាពរបស់ពិភពលោក»។ ក្នុងនោះ លោក គីម ក៏បានចូលរួមអបអរលោក ពូទីន នាឱកាសទិវាជ័យជម្នះនាថ្ងៃអង្គារនេះផងដែរ ដែលជាខួបនៃការចុះចាញ់របស់ណាហ្ស៉ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទីពីរ កាលពីឆ្នាំ១៩៤៥ ផងដែរ ដោយលោកបានបង្ហាញការជឿជាក់ថា រុស្ស៉ីនឹងបន្តរក្សាការពារស្វ័យភាពរបស់ខ្លួន ព្រមទាំងស្ថិរភាពក្នុងតំបន់។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយវិមានក្រឹមឡាំង ហើយបានផ្តល់ការជ្រោមជ្រែងដល់ទីក្រុងមូស្គូ បន្ទាប់ពីការឈ្លានពាននៅអ៊ុយក្រែន កាលពីឆ្នាំមុន រួមមានទាំងការប្រកាសកាត់យកតំបន់អ៊ុយក្រែនចំនួន៤ ចូលជាឧបសម្ព័ន្ធរបស់រុស្ស៉ី ដែលជាទង្វើសមាជិកអង្គការសហប្រជាជាតិភាគច្រើន បានថ្កោលទោស ជាទង្វើខុសច្បាប់៕