(ឡាប៊ូអាន់ បាចូ, ឥណ្ឌូណេស៊ី)៖ ជម្លោះក្នុងប្រទេសមីយ៉ាន់ម៉ា នឹងក្លាយជាប្រធានបទក្ដៅមួយ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅ នៅឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់របបសឹកមីយ៉ាន់ម៉ា ផ្ដាច់ជីវិតមនុស្ស ១៧០នាក់កាលពីខែមេសាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សា ចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សានស៊ូជី ពីអំណាចកាលពីជាង ២ឆ្នាំមុនមក ហើយអាស៊ានកំពុងប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយបញ្ចប់ជម្លោះនេះ។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងកន្លងមក មិនបានទទួលលទ្ធផលផ្លែផ្កាអ្វីនោះទេ រីឯភាគីជម្លោះនៅមីយ៉ាន់ម៉ានៅតែមិនព្រមជួបចរចាគ្នាឡើយ។
កាលពីខែមេសាកន្លងទៅ មនុស្សយ៉ាងហោច ១៧០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយពីសំណាក់របបសឹក ដោយបង្កឱ្យមានការថ្កោលទោស យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងមានការអំពាវនាវកាន់តែច្រើនឡើងឱ្យអាស៊ានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់អំពើហិង្សា។ សម្ពាធលើអាស៊ាន បានកើនឡើងជាថ្មីម្ដងទៀត កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រោយក្បួនរថយន្ដរបស់មន្ត្រីទូត និងក្រុមមន្ត្រីសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន ក្នុងប្រទេសមីយ៉ាន់ម៉ា រងការវាយប្រហារនៅក្នុងរដ្ឋសាន (Shan) នៃប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា សិង្ហបុរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារក្បួនរថយន្ដមន្ត្រីអាស៊ាន ខណៈឥណ្ឌូណេស៊ីដែលឆ្នាំនេះជាប្រធានអាស៊ាន មិនបានឱ្យដឹងថាតើមន្ត្រី របស់ខ្លួនស្ថិតនៅក្នុងក្បួនរថយន្ដនោះដែរឬក៏យ៉ាងណានោះទេ។ កិច្ចប្រជុំកំពូលអាស៊ាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភានេះ នៅលើកោះ Flores របស់ ឥណ្ឌូណេស៊ី ហើយបណ្ដាមេដឹកនាំអាស៊ានត្រូវបានគេរំពឹងថាបន្តជំរុញផែនការសន្តិភាព៥ចំណុច៕