(អូតាវ៉ា)៖ ប្រទេសកាណាដា បានសម្រេចចិត្តបណ្ដេញមន្ត្រីការទូតចិនម្នាក់ គឺលោក ចៅ វៃ (Zhao Wei) ចេញពីប្រទេស ដោយចោទប្រកាន់ថាមន្ត្រីទូតចិនឈរជើង ក្នុងទីក្រុង Toronto រូបនេះមានជាប់ពាក់ព័ន្ធនឹងការសម្លុតគំរាមសមាជិកសភាកាណាដាម្នាក់មកពីគណបក្សប្រឆាំងដែលតែងតែរិះគន់ទីក្រុងប៉េកាំង។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣។
ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថារដ្ឋាភិបាលកាណាដាបានប្រកាសចាត់ទុក លោក ចៅ វៃ ជា «បុគ្គលមិនត្រូវបានស្វាគមន៍»។ លោកស្រី Joly បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់៖ យើងនឹងអត់ឱនឱ្យឡើយចំពោះការលូកលាន់ គ្រប់ទម្រង់ទាំងអស់ពីបរទេសលើកិច្ចការផ្ទៃក្នុងរបស់យើង។ មន្ត្រីទូតទាំងអស់ក្នុងប្រទេសកាណាដា ក៏បានដឹងពីរឿងនេះដែរថាបើពួកគេចូលរួម ឬមានជាប់ពាក់ព័ន្ធនឹង សកម្មភាពរបៀបនេះ នោះពួកគេនឹងបណ្ដេញឱ្យត្រឡប់ទៅស្រុកកំណើតវិញ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលចិន បានច្រានចោលការចោទប្រកាន់ដែលថាទីក្រុងប៉េកាំងបានលូកលាន់កិច្ចការផ្ទៃក្នុងរបស់កាណាដា ហើយស្ថានទូតចិនក្នុងទីក្រុងអូតាវ៉ា ក៏បាន ដាក់កំណត់ទូតតវ៉ាទៅកាន់រដ្ឋាភិបាលកាណាដាផងដែរ ជាមួយការព្រមានចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕