(ឌូបៃ)៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Kenji Yamada បានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ក្នុងការជួយសង្គ្រោះនាវាដឹកប្រេង FSO Safer នៅក្នុងស្ថានភាពនៃការពុកផុយខ្លាំង ដែលចតនៅឆ្នេរសមុទ្រក្រហមរបស់យេម៉ែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣។

កប៉ាល់ FSO Safer ដែលបច្ចុប្បន្នមានបរិមាណប្រេងចំនួន ៤ដង ដែលគ្រប់គ្រាន់ដើម្បីធ្វើឱ្យវាក្លាយជាការធ្លាយប្រេងដ៏ធំបំផុតទីប្រាំក្នុងប្រវត្តិសាស្ត្រ ត្រូវបានគេរំពឹងថានឹងផ្ទុះធ្លាយ ប្រសិនបើមិនត្រូវបានដោះស្រាយភ្លាមៗ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ក្នុងអំឡុងសន្និសីទ លោក Yamada បានលើកឡើងពីសារៈសំខាន់ នៃគម្រោងប្រតិបត្តិការជួយសង្គ្រោះប្រកបដោយសុវត្ថិភាព ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ។

លោកបានមានប្រសាសន៍ថា «ដោយមើលឃើញពីសារៈសំខាន់ នៃបញ្ហានេះ យើងនឹងបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញគម្រោងនេះ» ដោយសង្កត់ធ្ងន់ថា កប៉ាល់ FSO Safer គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាបន្ទាន់បំផុត ដែលសហគមន៍អន្តរជាតិកំពុងប្រឈម ...»

ទន្ទឹននឹងនោះ លោក Yamada ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយវិបត្តិមនុស្សធម៌នៅយេម៉ែន ដោយផ្តល់ជំនួយមនុស្សធម៌ជិត ៤៣០លានដុល្លារចាប់តាំងពីឆ្នាំ២០១៥ ។ លោកបានប្រកាសថា ប្រទេសជប៉ុននឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមយ៉ាងហោចណាស់ ២៤លានដុល្លារនៅឆ្នាំ ២០២៣នេះ៕