(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅថ្ងៃចន្ទនេះ បាននិយាយថា វាជារឿងដ៏ចាំបាច់ក្នុងការធ្វើឱ្យទំនាក់ទំនង រវាងចិននិងសហរដ្ឋអាមេរិក ទទួលបានស្ថិរភាពឡើងវិញ បន្ទាប់ពីពាក្យសម្តីនិងទង្វើខុសឆ្គងជាបន្តបន្ទាប់ បានរុញច្រានចំណងទាក់ទងឱ្យធ្លាក់ទៅក្នុងស្ថានភាពដុនដាបខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។
ក្នុងជំនួបនៅឯទីក្រុងប៉េកាំងជាមួយអគ្គរដ្ឋទូតអាមេរិក លោក នីកូឡាស់ បឺន (Nicholas Burns) លោករដ្ឋមន្រ្តីការបរទេសចិន បានសង្កត់ធ្ងន់ជាពិសេសថា សហរដ្ឋអាមេរិកត្រូវតែកែតម្រូវឥរិយាបថរបស់ខ្លួនជុំវិញបញ្ហាតៃវ៉ាន់ ហើយឈប់ជាន់ឈ្លីអត្ថន័យនៃគោលការណ៍ចិនតែមួយតទៅទៀត។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសចិន លោក ឈិន បានប្រាប់លោក បឺន យ៉ាងដូច្នេះថា «ពាក្យសម្តីនិងទង្វើខុសឆ្គងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក បានបំផ្លាញសញ្ញាវិជ្ជមាន នៃភាពរីកចម្រើនទៅមុខ ដែលសម្រេចបានដោយលំបាកនៃទំនាក់ទំនងចិន-អាមេរិក។ សម្រាប់អាទិភាពចម្បងនាពេលនេះ គឺត្រូវផ្តល់ស្ថិរភាពឡើងវិញចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ចៀសវាងស្ថានភាពបាត់បង់ការគ្រប់គ្រង ហើយទប់ស្កាត់កុំឱ្យមានឧបទ្ទវហេតុផ្សេងៗ កើតឡើងបានរវាងចិននិងអាមេរិក»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរ បានធ្លាក់ទៅក្នុងកម្រិតទាបបំផុតកាលពីឆ្នាំ២០២២ នៅពេលដែលលោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ដែលកាលនោះគឺជាប្រធានសភាតំណាងរាស្រ្តអាមេរិក បានបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់កោះតៃវ៉ាន់ ដែលជាទង្វើធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារជាខ្លាំង ដ្បិតចិនចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងផ្លូវការជាមួយសហរដ្ឋអាមេរិក រួមមានទាំងបណ្តាញរវាងយោធារបស់ភាគីទាំងពីរ។
ភាពតានតឹងហាក់បានថមថយវិញ កាលពីខែវិច្ឆិកា ឆ្នាំដដែល នៅពេលមេដឹកនាំអាមេរិកនិងចិន គឺលោក ចូ បៃដិន និងលោក ស៉ី ជីនពីង បានជួបពិភាក្សាទល់មុខគ្នា កំលុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៉ី ហើយបានសន្យាថានឹងបង្កើនកិច្ចសន្ទនាឱ្យញឹកញាប់ជាងមុន។ យ៉ាងណាក្តី ភាពតានតឹងក៏បានកើនឡើងជាថ្មីកាលពីខែកុម្ភៈ ឆ្នាំនេះ នៅពេលបាឡុងរយៈកម្ពស់ខ្ពស់មួយរបស់ចិន បានលេចវត្តមាននៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក ជាហេតុជំរុញឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) បានលុបចោលគម្រោងទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ រីឯកាលពីខែមុន ចិនបានធ្វើសមយុទ្ធយោធានៅជុំវិញតៃវ៉ាន់ បន្ទាប់ពីមេដឹកនាំដែនកោះនេះ គឺលោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកបច្ចុប្បន្នគឺលោក ខេវិន ម៉ាក់ខាធី (Kevin McCarthy) នៅឯទីក្រុងឡូសអាន់ជេលែស (Los Angeles)៕