(ប៉េកាំង)៖ យានអវកាសសាកល្បងមួយគ្រឿងរបស់ចិន បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ នៅថ្ងៃចន្ទនេះ ក្រោយស្ថិតក្នុងគន្លងអវកាសអស់រយៈពេលសរុប២៧៦ថ្ងៃ ដែលជាការបញ្ចប់បេសកកម្មដ៏សំខាន់មួយ ដើម្បីធ្វើតេស្តបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញ ក្នុងវិស័យអវកាសរបស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា យានអវកាសដែលគ្មានផ្ទុកមនុស្សខាងលើ បានត្រឡប់មកដល់មជ្ឈមណ្ឌលបង្ហោះយានអវកាស ជីវគ្វ័ន (Jiuquan) នៅភាគពាយព្យប្រទេសចិន ក្នុងថ្ងៃចន្ទនេះ ដែលស្របតាមពេលវេលាកំណត់។ ពុំមានផ្តល់ព័ត៌មានលម្អិតនោះឡើយ ជុំវិញសំណួរថា តើយានអវកាសនោះជាអ្វីឱ្យប្រាកដ, បច្ចេកវិទ្យាអ្វីដែលត្រូវបានធ្វើតេស្ត, រយៈកម្ពស់ដែលវាបានហោះហើរ ហើយគន្លងធ្វើដំណើររបស់វាបាននាំយាននោះទៅដល់ទីណាខ្លះ គិតចាប់តាំងពីការបាញ់បង្ហោះចេញពីផ្ទៃផែនដី កាលពីដើមខែសីហា ឆ្នាំ២០២២។
ចំណែករូបភាពផ្លូវការនៃយានអវកាសនេះ ក៏មិនទាន់ត្រូវបានបញ្ចេញជាសាធារណៈផងដែរ។ យ៉ាងណាមិញ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បេសកកម្មខាងលើ គឺជាជោគជ័យសំខាន់មួយ នៅក្នុងការងារស្រាវជ្រាវរបស់ប្រទេសចិន ជុំវិញបច្ចេកវិទ្យាអាចប្រើប្រាស់ឡើងវិញបានសម្រាប់យានអវកាស ដែលនឹងផ្តល់មធ្យោបាយ ដែលកាន់តែងាយស្រួលនិងចំណាយថវិកាតិចជាងមុន ក្នុងការចេញបេសកកម្មអវកាសដទៃៗទៀត នាពេលអនាគត។
គួរបញ្ជាក់ថា បើតាមការសង្ស័យរបស់ក្រុមអ្នកអត្ថាធិប្បាយ នៅលើបណ្តាញទំនាក់ទំនងសង្គមចិន គឺទីក្រុងប៉េកាំងទំនងជាបាននិងកំពុងអភិវឌ្ឍយានអវកាសមួយ ដែលស្រដៀងទៅនឹងយានអវកាស X-37B របស់កងទ័ពអាកាសអាមេរិក ដែលជាយានយន្តហោះអវកាសស្វ័យប្រវត្តិមួយ ដែលអាចស្ថិតនៅក្នុងគន្លងអវកាស បានរហូតដល់រាប់ឆ្នាំ។ យាន X-37B ដែលអាចប្រើប្រាស់ឡើងវិញនោះ បានត្រឡប់មកដល់ផ្ទៃផែនដីវិញ កាលពីខែវិច្ឆិកា ឆ្នាំមុន នៅក្នុងបេសកកម្មទី៦ និងចុងក្រោយបំផុតរបស់វា ក្រោយចំណាយពេលសរុបរហូតដល់ជាង ៩០០ថ្ងៃក្នុងគន្លងអវកាស៕