(អ៉ីស្លាម៉ាបាដ)៖ ប្រទេសចិន អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីលើបញ្ហាសន្តិសុខ និងប្រឆាំងភេរវកម្មបន្ថែមទៀត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៣ ដែលរៀបចំឡើងនៅទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ប្រទេសទាំង ៣ បានព្រមព្រៀងគ្នាក្នុងការរក្សាទំនាក់ទំនងល្អ ពង្រឹងទំនុកចិត្តគ្នាខាងផ្នែកនយោបាយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ក៏ដូចជាដោះស្រាយភាពខ្វែងគំនិតគ្នា និងជម្លោះតាមរយៈការពិគ្រោះយោបល់ដោយស្មើភាព។

បើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ ក្នុងឱកាសនោះរដ្ឋមន្រ្តីការបរទេស លោក ឈិន កាង បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជាមួយប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ សន្តិសុខ និងអរិយធម៌សកល។ ចិន និងប៉ាគីស្ថាន ក៏បានបញ្ជាក់យ៉ាងច្បាស់ពីជំហរប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្វហ្គានីស្ថាន ការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់លើអាហ្វហ្គានីស្ថាន និងរាល់ទង្វើដែលបំផ្លាញសន្តិភាព ស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា ចាប់តាំងពីការដកទ័ពរបស់សហរដ្ឋអាមេរិកក្នុងខែសីហា ឆ្នាំ២០២១ អាហ្វហ្គានីស្ថានបានទទួលរងនូវវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ នៅពេលដែលក្រុមតាលីបង់បានចូលកាន់កាប់ ហើយប្រទេសនេះបានធ្លាក់ចូលទៅក្នុងភាពឯកោពីអន្តរជាតិ។

កាលពីខែមេសា ក្រសួងការបរទេសចិនបានប្រកាសស្វាគមន៍វត្តមានអាហ្វហ្គានីស្ថាន ក្នុងគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ រួមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មរបស់អាហ្វហ្គានីស្ថានទៅក្នុងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ថែមទៀត៕