(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា បានថ្លែងទៅកាន់ប្រជាជនកូរ៉េខាងត្បូងថាបេះដូងរបស់លោកមានការឈឺចាប់ នៅពេលគិតដល់ ការឈឺចាប់ និងទុក្ខវេទនាអំឡុងសម័យអាណានិគមជប៉ុន ខណៈទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ព្យាយាមផ្សះផ្សារទំនាក់ទំនង នៅចំពោះមុខការកើនឡើង នៃការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក គីស៉ីដា ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នាឱកាសបំពេញទស្សនកិច្ច នៅកូរ៉េខាងត្បូង ក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុនដំបូងបំផុតក្នុងរយៈពេល១២ឆ្នាំមកនេះ និងជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចក្នុងទីក្រុងតូក្យូ របស់ លោក យូន ស៊ុកយុល ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែមីនាកន្លងទៅ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលជាមួយលោក យូន លោក គីស៊ីដា មិនបាននិយាយពីការសូមទោសជាផ្លូវការណាមួយរបស់ជប៉ុននោះទេ ចំពោះទង្វើខុសឆ្គងដែលត្រូវបានប្រព្រឹត្តអំឡុងការគ្រប់គ្រងឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។ ប៉ុន្តែ លោកបានលើកឡើងថារដ្ឋាភិបាលរបស់លោក បានប្រកាន់គោលជំហរដូចរដ្ឋាភិបាលជប៉ុនមុនៗ ដែលមានមួយចំនួនបានធ្វើការសូមទោសរួចហើយ។ លោក គីស៉ីដា បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ ខ្ញុំ ជាលក្ខណៈឯកជន បេះដូងរបស់ខ្ញុំឈឺចាប់ជាខ្លាំង នៅពេលដែលខ្ញុំនឹកគិតដល់ពីមនុស្សជាច្រើនដែលបានរងការឈឺចាប់ និងរងទុក្ខវេទនា នៅក្រោម កាលៈទេសៈដ៏លំបាកនៅពេលនោះ»

គួរបញ្ជាក់ថា ប្រឈមមុខនឹងការកើនឡើងនៃការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង និងការប្រែប្រួលស្ថានការណ៍ភូមិសាស្ត្រនយោបាសកលលោក ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន បានក្លាយជាកត្តាជំរុញឱ្យកូរ៉េខាងត្បូង​ក្រោមការដឹកនាំរបស់លោក យូន ស៊ុកយុល និងជប៉ុនក្រោម ការដឹកនាំរបស់លោក គីស៉ីដា បានឈានដល់លើការឯកភាពគ្នាលើការផ្សះផ្សារទំនាក់ទំនងឡើងវិញ។ ប៉ុន្តែព្រមពេលជាមួយគ្នា ប្រជាជនកូរ៉េខាងត្បូង ជាពិសេសជនរងគ្រោះ នៅក្នុងសម័យអាណានិគមជប៉ុន បានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោក យូន៕