(វ៉ាសូវី)៖ នៅថ្ងៃអាទិត្យនេះ ទីក្រុងវ៉ាសូវីបានអះអាងថា យន្តហោះចម្បាំងរុស្ស៉ី១គ្រឿង បានធ្វើសកម្មភាពហោះស្កាត់យន្តហោះប៉ូឡូញ១គ្រឿង ដែលកំពុងតែបំពេញបេសកកម្មហោះល្បាត ឱ្យទីភ្នាក់ងារព្រំដែនរបស់សហភាពអឺរ៉ុប (EU) នៅលើផ្ទៃអាកាសនៃតំបន់សមុទ្រខ្មៅ ជាហេតុបង្កឱ្យក្រុមពីឡុតយន្តហោះប៉ូឡូញបាត់បង់ការគ្រប់គ្រងមួយភ្លែត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
ប៉ូឡូញបានប្រាប់ថា យន្តហោះចម្បាំងរុស្ស៉ី Sukhoi Su-35 មិនបានធ្វើការទាក់ទងតាមវិទ្យុជាមុនឡើយ មុនពេលធ្វើសកម្មភាពហោះស្កាត់ប្រកបដោយគ្រោះថ្នាក់និងគឃ្លើ់នជាខ្លាំង ចំពោះយន្តហោះល្បាតខាងលើចំនួន៣លើក ដោយមិនរក្សាគម្លាតនៅចម្ងាយសុវត្ថិភាព ដើម្បីស្របតាមស្តង់ដាសុវត្ថិភាពនោះទេ។ សកម្មភាពនោះបានបណ្តាលឱ្យក្រុមពីឡុតយន្តហោះប៉ូឡូញ បាត់បង់ការគ្រប់គ្រងមួយភ្លែតលើយន្តហោះ ហើយក៏បានបាត់បង់រយៈកម្ពស់ផងដែរ។ ទីក្រុងវ៉ាស៉ូវីបានអះអាងថា កំលុងហេតុការណ៍នោះ យន្តហោះចម្បាំងរុស្ស៉ីបានហោះកាត់មុខយន្តហោះរបស់ខ្លួន ក្នុងរយៈចម្ងាយត្រឹមប៉ុន្មានម៉ែត្រប៉ុណ្ណោះ។
គួរបញ្ជាក់ថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅក្នុងដែនអាកាសអន្តរជាតិលើសមុទ្រខ្មៅ ចម្ងាយប្រហែលជា ៦០គីឡូម៉ែត្រពីភាគខាងកើតនៃដែនអាកាសរបស់ប្រទេសរ៉ូម៉ានី។ យន្តហោះល្បាតប៉ូឡូញនោះ ត្រូវបានបញ្ជូនឱ្យធ្វើប្រតិបត្តិការនៅរ៉ូម៉ានីចាប់ពីថ្ងៃទី១៩ ហើយវានឹងបន្តស្ថិតនៅទីនោះរហូតដល់ថ្ងៃទី១៧ ខែឧសភា ក្រោមក្របខណ្ឌប្រតិបត្តិការមួយនៃទីភ្នាក់ងារ Frontex របស់ EU ដែលរៀបចំឡើងដោយរ៉ូម៉ានី ហើយក៏រួមមាន អេស៉្បាញនិងស៊ុយអែតផងដែរ៕