(ដាក្កា)៖ ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា ពួកគេនឹងមិនវិលត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញឡើយ ប្រសិនបើត្រូវរស់នៅដោយពុំមានសេរីភាព និងរងការធ្វើទុក្ខបុកម្នេញ ក្រោយបន្ទាប់ពីពួកគេបានធ្វើដំណើរទៅទស្សនកិច្ចជាលើកដំបូងនៅមីយ៉ាន់ម៉ា ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងដើម្បីលើកទឹកចិត្ត ដល់ការធ្វើមាតុភូមិនិវត្តន៍ដោយស័្មគ្រចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
បច្ចុប្បន្នមានជនជាតិមូស្លីមរ៉ូហ៉ីងយ៉ាខ្ទង់ជិត១លាននាក់ កំពុងរស់នៅតាមជំរំជនភៀសខ្លួនក្នុងទីក្រុង ខូសបាហ្សារ (Cox's Bazar) នៃប្រទេសបង់ក្លាដែស ដោយពួកគេភាគច្រើនបានរត់គេចពីការបង្រ្កាបដ៏ឃោរឃៅ ដែលដឹកនាំដោយយោធា នៅឯប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា២០នាក់ និងមន្រ្តីបង់ក្លាដែស៧នាក់ បាននាំគ្នាបំពេញទស្សនកិច្ចទៅកាន់ក្រុង មួងដោ (Maungdaw) និងភូមិដែលនៅក្បែរនោះ ក្នុងរដ្ឋរ៉ាឃីន (Rakhine) នៃប្រទេសមីយ៉ាន់ម៉ា ដើម្បីពិនិត្យមើលការរៀបចំសម្រាប់ការធ្វើមាតុនិវត្តន៍របស់រ៉ូហ៉ីងយ៉ា។
ជនជាតិរ៉ូហ៉ីងយ៉ាទាំងនោះ បាននិយាយថា ពួកគេនឹងត្រឡប់ទៅវិញជាអចិន្រ្តៃយ៍ ប្រសិនបើសន្តិសុខត្រូវបានផ្តល់ការធានា ហើយពួកគេនឹងទទួលបានសញ្ជាតិត្រឹមត្រូវ រួមជាមួយសិទ្ធិពេញលេញ ដ្បិតមីយ៉ាន់ម៉ាគឺជាទឹកដីកំណើតរបស់ពួកគេ ហើយពួកគេក៏ជាពលរដ្ឋមីយ៉ាន់ម៉ាដែរ។ អាជ្ញាធរបង់ក្លាដែសបាននិយាយថា ការធ្វើមាតុភូមិនិវត្តន៍គឺជាដំណោះស្រាយតែមួយគត់ ហើយក្រុមការងារមកពីមីយ៉ាន់ម៉ា នឹងត្រូវធ្វើដំណើរមកកាន់បង់ក្លាដែស ក្នុងរយៈពេល១សប្តាហ៍ខាងមុខ ដើម្បីជាការពង្រឹងសេចក្តីជឿទុកចិត្តក្នុងចំណោមជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។
គួរបញ្ជាក់ថា ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ យោធាមីយ៉ាន់ម៉ាហាក់បានបង្ហាញពីឆន្ទៈ ចង់ទទួលយកជនភៀសខ្លួនរ៉ូហ៉ីងយ៉ាងត្រឡប់ទៅវិញ ខណៈជាច្រើនឆ្នាំមកហើយពួកគេត្រូវបានចាត់ទុកជាជនបរទេស នៅមីយ៉ាន់ម៉ា ហើយពុំទទួលបានសញ្ជាតិជាពលរដ្ឋមីយ៉ាន់ម៉ាទេ ព្រមទាំងស្ថិតក្រោមការធ្វើទុក្ខបុកម្នេញថែមទៀត។ កាលពីខែមីនា ឆ្នាំនេះ ប្រតិភូមីយ៉ាន់ម៉ា បានមកធ្វើទស្សនកិច្ចជំរំជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ដើម្បីស្វែងរកអ្នកដែលចង់ត្រឡប់ទៅវិញ ប៉ុន្មានរយនាក់ដំបូង សម្រាប់កម្មវិធីធ្វើមាតុភូមិនិវត្តន៍សាកល្បងមួយ។ ខាងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN ធ្លាប់បានលើកឡើងថា ជនភៀសខ្លួនទាំងអស់មិនសិទ្ធិ ដើម្បីត្រឡប់ទៅប្រទេសកំណើតពួកគេវិញ ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍នោះ ត្រូវតែធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត៕