(អូតាវ៉ា)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅកាណាដា) ប្រទេសកាណាដា បានសម្រេចប្រកាសដាក់ខេត្ត អាល់បឺតា (Alberta) ឱ្យស្ថិតក្រោមស្ថានភាពអាសន្ន បន្ទាប់ពីភ្លើងឆេះព្រៃបានរីករាលដាលពាសពេញ ខេត្តភាគខាងលិចមួយ ដែលបានបង្ខំឱ្យមនុស្សយ៉ាងហោចជិត២៥,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
ដោយប្រឈមនឹងភ្លើងឆេះព្រៃច្រើនជាង១០០កន្លែង ក្នុងនោះជាង៣០កន្លែង មិនទាន់អាចគ្រប់គ្រងបាន ប្រមុខរដ្ឋបាលនៃរដ្ឋ Alberta លោកស្រី ដានីញែល ស្មីត (Danielle Smith) បានចាត់ទុកស្ថានការណ៍នេះថា មានលក្ខណៈធ្ងន់ធ្ងរដែលមិនធ្លាប់ជួបប្រទះពីមុនមកនោះទេ។ គិតត្រឹមវេលាល្ងាចថ្ងៃសៅរ៍ អ្នកដែលរស់នៅក្នុងទីក្រុង Alberta សរុបជាង២៤,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។
គួរបញ្ជាក់ថា បើតាមលោកស្រី ស្មីត មកទល់ពេលនេះ ផ្ទៃដីប្រហែល១២២,០០០ហិកតា បានរងការឆាបឆេះ។ ឧទ្ធម្ភាគចក្រនិងយន្តហោះពន្លត់អគ្គិភ័យ ក៏ត្រូវបានចល័តផងដែរក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃទាំងនេះ ខណៈរដ្ឋាភិបាលសហព័ន្ធរបស់កាណាដា បានស្នើផ្តល់ការជួយគាំទ្រពីទីក្រុងអូតាវ៉ា។ Alberta គឺជាតំបន់ផលិតប្រេងសំខាន់មួយ ប៉ុន្តែមកទល់ឥឡូវ មូលដ្ឋានប្រេងនានាហាក់មិនទាន់ស្ថិតក្រោមការគំរាមគំហែងភ្លាមៗនៅឡើយទេ៕