(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានអះអាងថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួន បានបាញ់ស្កាត់មីស៉ីលល្បឿនលឿនជាងសំឡេងកម្រិតហៃភើសូនិច (hypersonic) មួយគ្រាប់របស់រុស្ស៉ីជាលើកដំបូង កំលុងការវាយប្រហារតាមផ្លូវអាកាសមកលើទីក្រុងកៀវ ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។
មីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) ស្ថិតក្នុងចំណោមសព្វាវុធជំនាន់ថ្មីចំនួន៦ ដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានបង្ហាញទៅកាន់ពិភពលោកកាលពីឆ្នាំ២០១៨ ហើយពេលនោះលោកថែមទាំងបានអះអាងថា វាមិនអាចត្រូវបាញ់ស្កាត់បានដោយប្រព័ន្ធការពារដែនអាកាសណាមួយនៅលើពិភពលោក នាពេលបច្ចុប្បន្នឡើយ។ ទោះជាបែបក្តីនេះ មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក មីកូឡា អូឡេសឈូក (Mykola Oleshchuk) បានអះអាងថា មីស៉ីល Kh-47 Kinzhal មួយគ្រាប់ ត្រូវបានបាញ់ស្កាត់កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅលើផ្ទៃអាកាសនៃតំបន់ក្រៅរដ្ឋធានីកៀវ ដោយប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ប្រព័ន្ធ Patriot ស្ថិតក្នុងចំណោម ប្រព័ន្ធការពារដែនអាកាសទំនើបៗ ដែលក្រុមលោកខាងលិចបានផ្គត់ផ្គង់ឱ្យមកអ៊ុយក្រែន ដើម្បីជួយទប់ទល់ការវាយប្រហារពីចម្ងាយតាមផ្លូវអាកាសរបស់រុស្ស៉ី។ ប្រព័ន្ធ Patriot ទើបតែត្រូវបានបញ្ជូនមកដល់អ៊ុយក្រែនកាលពីខែមេសាប៉ុណ្ណោះ។ សម្រាប់មីស៉ីល Kinzhal គឺធ្លាប់ត្រូវបានប្រើប្រាស់ប៉ុន្មានលើកហើយនៅអ៊ុយក្រែន។ លើកដំបូងបំផុតនៃការប្រើប្រាស់មីស៉ីលនេះ នៅលើសមរភូមិដែលគេបានដឹង គឺនៅពេលរុស្ស៉ីបានអះអាងថា ខ្លួនបានបាញ់វាទៅលើឃ្លាំងស្តុកគ្រាប់រំសេវមួយកន្លែង នៅភាគនិរតីអ៊ុយក្រែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។
រុស្ស៉ីមិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញសេចក្តីថ្លែងការណ៍របស់អ៊ុយក្រែនអំពីមីស៉ីល Kinzhal ដែលខ្លួនធ្លាប់អះអាងថា គឺគ្មានគូប្រៀបឡើយនៅលោកខាងលិច។ វាគឺជាមីស៉ីលបាលិស្ទីគដែលបាញ់ចេញពីយន្តហោះ ហើយអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ Mach 10 ដែលលឿនជាងល្បឿនសំឡេង១០ដង ឬស្មើនឹង១២,៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង) និងមានសមត្ថភាពផ្ទុកក្បាលគ្រាប់ធម្មតាក៏បាន ឬក្បាលគ្រាប់នុយក្លេអ៊ែរក៏បាន។ មីស៉ីលនេះត្រូវគេរាយការណ៍ថា អាចបាញ់បានចម្ងាយចន្លោះ១,៥០០-២,០០០គីឡូម៉ែត្រ៕