(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) បានមកដល់កូរ៉េខាងត្បូងនាថ្ងៃអាទិត្យនេះ ខណៈដែលទីក្រុងតូក្យូ​និងសេអ៊ូលព្យាយាមផ្សះផ្សារទំនាក់ទំនងឡើងវិញ នៅចំពោះមុខការរីកធំឡើងនៃការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣។

នាព្រឹកថ្ងៃអាទិត្យនេះ យន្តហោះរបស់លោក គីស៉ីដា បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងសឹងណាម (Seongnam) ក្បែរទីក្រុងសេអ៊ូល ដែលជាការចាប់ផ្តើម​ដំណើរបំពេញទស្សនកិច្ចទ្វេភាគីផ្លូវការលើកដំបូងបង្អស់ ធ្វើឡើងដោយនាយករដ្ឋមន្រ្តីជប៉ុនមកកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងរយៈពេលប្រមាណជា ១ទសវត្សរ៍។ លោក គីស៉ីដា ត្រូវបានទទួលស្វាគមន៍រាក់ទាក់ដោយក្រុមមន្រ្តីកូរ៉េខាងត្បូង មុនការបើកជំនួបកំពូលក្នុងនេះតែម្តងជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol)។

ប្រទេសជិតខាងគ្នានៃតំបន់អាស៉ីបូព៌ាទាំងពីរ ដែលសុទ្ធតែជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់សហរដ្ឋអាមេរិក បានស្ថិតក្នុងបញ្ហាវិវាទ​នឹងគ្នាជាយូរមកហើយ ជុំវិញបញ្ហាបន្សល់ទុកពីប្រវត្តិសាស្រ្ត ពាក់ព័ន្ធទៅនឹងសម័យអាណានិគម របស់ជប៉ុននៅ​ឧបទ្វីបកូរ៉េ កាលពីចន្លោះឆ្នាំ១៩១០-១៩៤៥ រួមមានដូចជាបញ្ហាទាសករផ្លូវភេទ និងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ។ យ៉ាងណាក្តី ក្រោយឡើងកាន់អំណាច លោក យូន បានយកកិច្ចប្រឹងប្រែងកំណត់ទំនាក់ទំនងឡើងវិញជាមួយជប៉ុន ធ្វើជាអាទិភាពចម្បងបំផុតមួយ សម្រាប់រដ្ឋបាលរបស់លោក ហើយលោកក៏បាន​ធ្វើដំណើរទៅកាន់ទីក្រុងតូក្យូ កាលពីខែមីនា ក្នុងការបំពេញទស្សនកិច្ច ដើម្បីព្យាយាមផ្សះផ្សារចំណងទ្វេភាគីផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រឹងប្រែងស្តារទំនាក់ទំនងរវាងជប៉ុននិងកូរ៉េខាងត្បូងកើតឡើង ចំពេលដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលកាល​ពីឆ្នាំមុនបានប្រកាសប្រទេសលោក ជារដ្ឋនុយក្លេអ៊ែរមិនអាចប្រែក្រឡាស់វិញនោះ បាននិងកំពុងបង្កើនការអភិវឌ្ឍក៏ដូចជាធ្វើតេស្តសព្វាវុធយ៉ាងខ្លាំងក្លា។ ជាការឆ្លើយតបសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ក៏បានបង្កើនការធ្វើសមយុទ្ធយោធារួមរបស់ពួកគេដូចគ្នា ហើយក្នុងនោះរួមមានទាំងសមយុទ្ធត្រីភាគីចំនួន២ ជាមួយជប៉ុនថែមទៀតផង ក្នុងឆ្នាំនេះ៕