(មូស្គូ)៖ អ្នកនិពន្ធជាតិនិយមរុស្ស៉ីដ៏លេចធ្លោម្នាក់ឈ្មោះ ហ្សាខា ព្រីឡេពីន (Zakhar Prilepin) បានរងរបួសនៅក្នុងការផ្ទុះរថយន្តដែលបានសម្លាប់អ្នកបើកបររបស់លោក នៅថ្ងៃសៅរ៍នេះ ដោយភ្លាមៗរុស្ស៉ីបានស្តីបន្ទោសទៅលើអ៊ុយក្រែន និងលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

គណៈកម្មាធិការស៉ើបអង្កេតរបស់រុស្ស៉ី បានឲ្យដឹងថា រថយន្ត Audi Q7 របស់អ្នកនិពន្ធត្រូវបានបំផ្ទុះនៅក្នុងភូមិមួយនៃតំបន់នីសនី ណូហ្កូរូដ (Nizny Novgorod) ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតទីក្រុងមូស្គូ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៉ី បាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ បើតាមទីភ្នាក់ងារព័ត៌មាន TASS បានរាយការណ៍ថា មន្រ្តីសន្តិសុខបានរកឃើញផ្ទះល្វែងមួយក្នុងតំបន់នៃទីក្រុងមូស្គូ ដែលពួកគេជឿថាលាក់ទុកគ្រាប់បែក។

គួរបញ្ជាក់ថា លោក ព្រីឡេពីន ដែលជាអ្នកនិពន្ធប្រលោមលោកគាំទ្រសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយធ្លាប់អួតពីការចូលរួមក្នុងសមរភូមិយោធានៅទីនោះ គឺជាបុគ្គលដ៏លេចធ្លោទី ៣ហើយដែលត្រូវបានគេកំណត់គោលដៅវាយប្រហារដោយគ្រាប់បែក គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២៕