(ឡុងដ៍)៖ ព្រះអង្គម្ចាស់ឆាលស៍ ទី៣ (Charles III) បានឡើងគ្រងរាជ្យសម្បត្តិនាថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងពិធីរាជាភិសេកធំបំផុតរបស់ចក្រភពអង់គ្លេសសម្រាប់រយៈពេល ៧ទសវត្សរ៍ និងជាការបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យមានអាយុកាលជាង ១,០០០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងដ៏ឧឡារិកនេះធ្លាប់ប្រារព្ធឡើងតាំងពីសម័យបុរាណមកម្ល៉េះជំនាន់ព្រះអង្គម្ចាស់ William the Conqueror នៅក្នុងឆ្នាំ១០៦៦។នៅចំពោះមុខមេដឹកនាំប្រហែល ១០០នាក់ទូទាំងពិភពលោក ក៏ដូចជាអ្នកចូលរួមរាប់លាននាក់ សម្តេចសង្ឃបានថ្វាយម្កុដ St Edward's Crown ដែលមានអាយុ ៣៦០ឆ្នាំដល់ព្រះអង្គម្ចាស់ឆាលស៍ ដោយទ្រង់គង់លើបល្ល័ង្កសតវត្សទី១៤ នៅឯព្រះវិហារ Westminster Abbey។ ព្រះមហេសីទី ២របស់ទ្រង់គឺ ម្ចាស់ក្សត្រី ខាម៉េឡា (Camilla) ព្រះជន្ម ៧៥ព្រះវស្សានឹងក្លាយជាមហាក្សត្រីរបស់ចក្រភពអង់គ្លេស។
ទាហានរាប់រយនាក់ក្នុងឯកសណ្ឋានពណ៌ក្រហម និងមួកស្បែកខ្លាឃ្មុំខ្មៅ បានឈរតម្រង់ជួរតាមបណ្តោយមហាវិថី The Mall ដែលជាមហាវិថីធំឆ្ពោះទៅកាន់វិមាន Buckingham។ រីឯមនុស្សរាប់ម៉ឺននាក់បាននាំគ្នារង់ចាំមើលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយមិនខ្វល់នឹងភ្លៀងធ្លាក់នោះទេ។
ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ដែលជាព្រះរាជបុត្រច្បង បានឡើងសោយរាជ្យបន្តជាព្រះមហាក្សត្រចក្រភពអង់គ្លេស បន្ទាប់ពីព្រះមាតា គឺព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) សោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។
ព្រះអង្គម្ចាស់ ឆាលស៍ (Charles) បានក្លាយជាព្រះមហាក្សត្រអង់គ្លេស ដោយមានគោរមងារថា «ព្រះមហាក្សត្រឆាលទី៣» និងជាព្រះមហាក្សត្រ ដែលមានវ័យចំណាស់ជាងគេ ដែលបានឡើងគ្រងរាជ្យ ក្នុងប្រវត្តិសាស្ត្រអង់គ្លេស នារយៈពេលជាង ១០០០ឆ្នាំមកនេះ។
ព្រះអង្គម្ចាស់ ឆាលស៍ ដែលបច្ចុប្បន្នមានព្រះជន្ម ៧៣វស្សា បានប្រសូតនៅឯព្រះរាជវាំង (Buckingham Palace) ក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៩៤៨។ ព្រះអង្គជា ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ និងព្រះអង្គម្ចាស់ហ្វីលីព។ ព្រះអង្គម្ចាស់ឆាលស៍ បានក្លាយជាព្រះរជ្ជទាយាទ នៅពេលមាន ព្រះជន្មត្រឹម ៣វស្សាតែប៉ុណ្ណោះ។ ពោលគឺនៅក្រោយព្រះមាតា ឡើងសោយរាជ្យជាព្រះមហាក្សត្រិយ៍ បន្ទាប់ពីព្រះបិតា គឺព្រះមហាក្សត្រ ចច ទី៦ (King George VI) ចូលទិវង្គត ហើយព្រះអង្គម្ចាស់ ឆាលស៍ ក៏ជារជ្ជទាយាទ និងបុត្រដំបូងដែលបានទតឃើញព្រះមាតាឡើងសោយរាជ្យផងដែរ។
ព្រះអង្គម្ចាស់ ឆាលស៍ បានសម្រេចព្រះទ័យចូលរៀននៅឯសាលា ជាមួយសិស្សដទៃជាជាងទទួលបានការសិក្សានៅឯព្រះរាជវាំង។ ក្នុងឆ្នាំ១៩៧០ ព្រះអង្គបានបញ្ចប់ ការសិក្សាពីសាកលវិទ្យាល័យ Cambridge ដោយទទួលបានសញ្ញាប័ត្រ Bachelor of Arts ដែលធ្វើឱ្យព្រះអង្គក្លាយជារជ្ជទាយាទអង់គ្លេសដំបូងដែលទទួលបាន សញ្ញាប័ត្រពីសាកលវិទ្យាល័យ។ ក្រោយមកទៀត សាកលវិទ្យាល័យ Cambridge បានប្រគល់សញ្ញាប័ត្រអនុបណ្ឌិត Master of Arts ជូនព្រះអង្គម្ចាស់។
ព្រះអង្គម្ចាស់ឆាលស៍ បានទទួលគោរមងារជា «Prince of Wales» ពីព្រះមាតាក្នុងឆ្នាំ១៩៦៩ ហើយព្រះអង្គក៏មានតួនាទីទាំងក្នុងជួរកងទ័ពជើងទឹក និងកងទ័ពអាកាសអង់គ្លេស ដោយយកគំរូតាមព្រះបិតាផងដែរ។ ក្នុងឆ្នាំ១៩៨១ ព្រះអង្គម្ចាស់ ឆាលស៍ បានរាជអភិសេកជាមួយនារីម្នាក់មកពីគ្រួសារអភិជនមួយដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយសែរាជវង្ស អង់គ្លេសគឺនាង ដាយអាណា ស្ពិនសឺ (Diana Spencer) ដែលក្រោយមកបានក្លាយជាព្រះនាងម្ចាស់វែល ឬ princess of Wales។ ព្រះអង្គទាំង២ មានបុត្រាពី ២ព្រះអង្គ គឺព្រះអង្គម្ចាស់ William និងព្រះអង្គម្ចាស់ Harry។
ក៏ប៉ុន្តែ ទំនាក់ទំនងស្នេហារវាងព្រះអង្គម្ចាស់ឆាលស៍ និងព្រះនាង ដាយអាណា បានប្រេះឆា នៅក្រោយព្រះអង្គម្ចាស់ ឆាលស៍ បានមានបន្ទូលនៅក្នុងសៀវភៅមួយថា ព្រះអង្គបានរៀប អភិសេកជាមួយព្រះនាង ដាយអាណា ដោយសាររងសម្ពាធបង្ខំឱ្យពីព្រះបិតា ហើយព្រះអង្គផ្ទាល់មិនបានស្រឡាញ់ព្រះនាងនោះទេ។ តែស្រឡាញ់ នារីម្នាក់ផ្សេងទៀតឈ្មោះ កាមីយ៉ា ផាកឃឺ បូវែល (Camilla Parker Bowles)។ ព្រះម្ចាស់ឆាល និងនាង កាមីយ៉ា ត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងស្នេហានឹងគ្នា ក្នុងឆ្នាំ១៩៨៦។
រហូតដល់នៅឆ្នាំ១៩៩២ ទើបព្រះអង្គម្ចាស់ឆាលស៍ និងព្រះនាងដាយអាណា សម្រេចិត្តចែកផ្លូវគ្នា ហើយចំណងអាពាហ៍ពិពាហ៍រវាងអ្នកទាំង២ ត្រូវបានបិទបញ្ចប់ ៤ឆ្នាំក្រោយមកទៀត។ ព្រះនាង ដាយអាណា បានចាត់ទុកនាងកាមីយ៉ា គឺជាជនទី៣។ នៅឆ្នាំ១៩៩៧ ព្រះនាងដាយអាណា បានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ ចរាចរណ៍មួយ នៅឯទីក្រុងបារីស ប្រទេសបារាំង ហើយនៅឆ្នាំ២០០៥ ព្រះអង្គម្ចាស់ឆាល បានរៀបអភិសេកជាមួយនាង កាមីយ៉ាដែលបានក្លាយជាព្រះនាងម្ចាស់ Duchess of Cornwall និងបានក្លាយជាព្រះមហេសីរបស់ព្រះអង្គម្ចាស់ឆាលស៍៕