(ឡុងដ៏)៖ ព្រះអង្គម្ចាស់ឆាលស៍ ទី៣ (Charles III) បានឡើងគ្រងរាជ្យសម្បត្តិហើយនៅថ្ងៃសៅរ៍នេះ នៅក្នុងពិធីរាជាភិសេកធំបំផុតរបស់ចក្រភពអង់គ្លេសសម្រាប់រយៈពេល ៧ទសវត្សរ៍ និងជាការបង្ហាញព្រឹត្តិការណ៍ដ៏អស្ចារ្យមានអាយុកាលជាង ១,០០០ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និងដ៏ឧឡារិកនេះធ្លាប់ប្រារព្ធឡើងតាំងពីសម័យបុរាណមកម្ល៉េះជំនាន់ព្រះអង្គម្ចាស់ William the Conqueror នៅក្នុងឆ្នាំ១០៦៦។នៅចំពោះមុខមេដឹកនាំប្រហែល ១០០នាក់ទូទាំងពិភពលោក ក៏ដូចជាអ្នកចូលរួមរាប់លាននាក់ សម្តេចសង្ឃបានថ្វាយម្កុដ St Edward's Crown ដែលមានអាយុ ៣៦០ឆ្នាំដល់ព្រះអង្គម្ចាស់ឆាលស៍ ដោយទ្រង់គង់លើបល្ល័ង្កសតវត្សទី១៤ នៅឯព្រះវិហារ Westminster Abbey។ ព្រះមហេសីទី ២របស់ទ្រង់គឺ ម្ចាស់ក្សត្រី ខាម៉េឡា (Camilla) ព្រះជន្ម ៧៥ព្រះវស្សានឹងក្លាយជាមហាក្សត្រីរបស់ចក្រភពអង់គ្លេស។
ទាហានរាប់រយនាក់ក្នុងឯកសណ្ឋានពណ៌ក្រហម និងមួកស្បែកខ្លាឃ្មុំខ្មៅ បានឈរតម្រង់ជួរតាមបណ្តោយមហាវិថី The Mall ដែលជាមហាវិថីធំឆ្ពោះទៅកាន់វិមាន Buckingham។ រីឯមនុស្សរាប់ម៉ឺននាក់បាននាំគ្នារង់ចាំមើលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយមិនខ្វល់នឹងភ្លៀងធ្លាក់នោះទេ។
គួរបញ្ជាក់ថា ខណៈអង់គ្លេសកំពុងតស៊ូដើម្បីស្វែងរកផ្លូវចេញពីវិបត្តិនយោបាយបន្ទាប់ពីការចាកចេញពីសហភាពអឺរ៉ុប និងការព្យាយាមរក្សាមុខមាត់របស់ខ្លួនក្នុងលំដាប់ពិភពលោកនោះ សម្រាប់អ្នកគាំទ្របាននិយាយថា គ្រួសាររាជវង្សអាចនាំមកនូវការទាក់ទាញពីអន្តរជាតិក្នុងកិច្ចការទូត និងមធ្យោបាយនៃបន្តវត្តមានលើឆាកពិភពលោក៕