(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងមិនភ្ជាប់ទំនាក់ទំនងជាប្រក្រតីឡើងវិញជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ នោះទេ បើទោះជាក្រុមប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្តអាមេរិក បានស្ដារទំនាក់ទំនងការទូតជាថ្មីជាមួយទីក្រុងដាម៉ាសក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសអាមេរិក កាលពីយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានពិភាក្សាអំពីកិច្ចប្រជុំ កាលពីពេលថ្មីៗនេះ ក្នុងទីក្រុងអំាម៉ាន់ (Amman) រវាងស៊ីរី និងបណ្ដាប្រទេសអារ៉ាប់ កំលុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក អៃម៉ាន់ សាហ្វាឌី (Ayman Safadi)។ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រី ប្ល៊ីនខិន បានគូសបញ្ជាក់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិក នឹងមិនភ្ជាប់ទំនាក់ទំនងជាប្រក្រតី ឡើងវិញជាមួយរបបដឹកនាំលោក អាសាដនោះទេ ហើយក៏មិនគាំទ្រដល់ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីបែបនេះនោះដែរ រហូតទាល់មានភាពប្រាកដជា ស្របទៅតាម ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២២៥៤»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសស៊ីរី អេហ្ស៉ីប អារ៉ាប៊ីសាអូឌីត និងហ្ស៊កដានី បានជួបប្រជុំគ្នា ក្នុងរដ្ឋធានីអំាម៉ាន់ នៃប្រទេសហ្ស៊កដានី ដើម្បីពិភាក្សាពី កាអនុញ្ញាតឱ្យស៊ីរីត្រឡប់ចូលមកក្នុងសម្ព័ន្ធអារ៉ាប់វិញ។ ស៊ីរីត្រូវបានព្យួរសមាជិកភាពពីសម្ព័ន្ធអារ៉ាប់ ចាប់តាំងពីសង្រ្គាមស៊ីវិលផ្ទុះឡើងចាប់តាំពីឆ្នាំ២០១១មក។ ប៉ុន្តែ ខណៈរដ្ឋាភិបាលស៊ីរីកំពុងគ្រប់គ្រងទឹកដីមួយផ្នែកធំក្រោមការគាំទ្រពីរុស្ស៉ី និងអ៉ីរ៉ង់ បណ្ដាប្រទេសអារ៉ាប់បានចាប់ផ្ដើមប្រកាន់ជំហរទន់ភ្លន់ចំពោះស៊ីរី៕