(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថាជំងឺកូវីដ១៩ លែងជា «ភាពអាសន្នសុខាភិបាលសកលទៀតហើយ» ដែលនេះជា ការបោះជំហានមួយដ៏ធំ ឆ្ពោះទៅរកការបិទបញ្ចប់នៃការឆ្លងរាតត្បាតនៃជំងឺមួយនេះ ដែលបានសម្លាប់ជីវិតមនុស្សជាង ៦.៩លាននាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣។

ការប្រកាសខាងលើធ្វើឡើងដោយប្រមុខអង្គការ WHO លោក តេដ្រូស អាដាណម ហ្គេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) ដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់ បានជួបប្រជុំគ្នាជាលើកទី១៥ និងបានផ្ដល់អនុសាសន៍ឱ្យខ្ញុំប្រកាសបិទបញ្ចប់ភាពអាសន្នសុខាភិបាល សកល។ ខ្ញុំបានទទួលយកអនុសាសន៍នេះ ហើយខ្ញុំប្រកាសថាកូវីដ១៩លែងជាភាពអាសន្នសុខភិបាលសកលទៀតហើយ»

គួរបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រងស្ថានភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានប្រកាសចាត់ទុកថាកូវីដ១៩ ជាភាពអាសន្នសុខាភិបាលកាលពីជាង ៣ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០៕