(មូស្គូ)៖ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner Group បានចេញសេចក្តីប្រកាសភ្លាមៗនិងភ្ញាក់ផ្អើលមួយនាថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែន ដែលពួកគេបានព្យាយាមដណ្តើមកាន់កាប់ ចាប់តាំងតែពីរដូវក្តៅឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។

លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា កងកម្លាំង Wagner នឹងចាកចេញនៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ដោយសារ​តែបានបាត់បង់សមាជិកយ៉ាងច្រើន ក្នុងសមរភូមិព្យាយាមវាយយកទីក្រុង Bakhmut បូករួមជាមួយបញ្ហាខ្វះខាតគ្រាប់រំសេវ។ លោកបាន​និយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយតំណាងឱ្យអ្នកប្រយុទ្ធ និងក្រុមមេបញ្ជាការទាំងអស់របស់ Wagner ខ្ញុំសូមប្រកាសថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពួកយើងនឹងផ្ទេរទីតាំងនានារបស់យើង នៅទីក្រុង Bakhmut ឱ្យទៅកងកម្លាំងរបស់ក្រសួងការពារជាតិ​រុស្ស៉ី ហើយដកកងកម្លាំង Wagner ដែលនៅសេសសល់ទៅកាន់ជំរំនៅសមរភូមិក្រោយវិញ ដើម្បីប៉ះប៉ូវកម្លាំងឡើងវិញ»

លោក ព្រីហ្គោហ្ស៉ីន បានបកស្រាយថា រូបលោកសម្រេចចិត្តដកកងកម្លាំង Wagner ចេញពីទីក្រុង Bakhmut បែបនេះ គឺដោយសារ​បើនៅតែគ្មានគ្រាប់រំសេវគ្រប់គ្រាន់ទេនោះ ពួកគេត្រូវបានកំណត់ថា នឹងបាត់បង់ជីវិតដោយគ្មានន័យមិនខានឡើយ។ ក្រុម Wagner បាន​និងកំពុងបន្តដឹកនាំកិច្ចប្រឹងប្រែងរបស់រុស្ស៉ី ដើម្បីដណ្តើមកាន់កាប់យកទីក្រុងនេះ ចាប់តាំងតែពីកំលុងរដូវក្តៅឆ្នាំ២០២២មកម្ល៉េះ ដែលជាសមរភូមិដ៏​អូសបន្លាយនិងបង្ហូរឈាមខ្លាំងបំផុត នៃសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា យ៉ាងណាមិញ វាពុំច្បាស់ទេថា តើសេចក្តីថ្លែងការណ៍ខាងលើ របស់ថៅកែក្រុមហ៊ុន Wagner រូបនេះ អាចជឿទុកចិត្តបាន​ដែរឬក៏អត់ ដ្បិតជារឿយៗ រូបលោកធ្លាប់បានបង្ហោះសារលក្ខណៈតាមតែអារម្មណ៍មួយពេលៗ កាលពីមុនមក។ តួយ៉ាង កាលពីសប្តាហ៍​កន្លងទៅនេះ លោក ព្រីហ្គោហ្ស៉ីន ទើបតែបានលុបចោល សេចក្តីថ្លែងការណ៍មួយ ដែលលោកបានអះអាងថា គ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ៕