(អង់ការ៉ា)៖ មន្រ្តីម្នាក់នៃគណៈប្រតិភូរបស់អ៊ុយក្រែន បានដាល់មុខមន្រ្តីម្នាក់ទៀតដែលស្ថិតក្នុងប្រតិភូរបស់រុស្ស៉ី កំលុងព្រឹត្តិការណ៍មួយ ដែលប្រមូលផ្តុំក្រុមប្រទេសជាប់សមុទ្រខ្មៅ នៅឯរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង នៅពេលខាងមន្រ្តីរុស្ស៉ីបានទៅឆក់យកទង់ជាតិអ៊ុយក្រែន ចេញពីដៃមន្រ្តីអ៊ុយក្រែន ដែលកំពុងតែឈរ​កាន់វានៅពីខាងក្រោយ ប្រមុខដឹកនាំប្រតិភូរបស់រុស្ស៉ី ដែលកំពុងធ្វើបទសម្ភាសន៍តាមប្រព័ន្ធវីដេអូលើទូរស័ព្ទ។ ការវាយតប់គ្នានោះបានកើតឡើង នៅសាលខាងក្រៅនៃអគារសភារបស់តួកគី ជាទីដែលសន្និបាត BSCE ត្រូវបានរៀបចំឡើង។ មុនពេលមានរឿងហេតុនោះ ក្នុងថ្ងៃដដែល មន្រ្តីមួយចំនួននៃប្រតិភូអ៊ុយក្រែន ក៏បានប្រតាយប្រតប់គ្នាជាមួយ ក្រុមមន្រ្តីសន្តិសុខផងដែរ ដែលបានព្យាយាមទាញមន្រ្តីទាំងនោះចេញ ខណៈពួកគេបានធ្វើសកម្មភាពតវ៉ា ដោយស្រែកនិងលើកទង់ជាតិរបស់ខ្លួន នៅក្បែរប្រមុខដឹកនាំប្រតិភូរុស្ស៉ី ស្របពេលដែលលោកស្រី ព្យាយាមថ្លែងសុន្ទរកថា ទៅកាន់អង្គសន្និបាត។

គួរបញ្ជាក់ថា ប្រធានសភាតួកគីបានចេញមុខថ្កោលទោស ឧប្បត្តិហេតុបង្កការរំខានទាំងនេះ ដោយនិយាយថា ពួកវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន​សុខសន្តិភាព ដែលតួកគីកំពុងព្យាយាមបង្កើតឡើង សម្រាប់ព្រឹត្តិការណ៍សន្និបាត។ ខណៈដែលក្រុមអ្នកតំណាងមកពី១៣ប្រទេស នៅក្នុង​អង្គការ BSEC បានជួបប្រជុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ រុស្ស៉ីនៅតែបន្តបើកការវាយប្រហារតាមផ្លូវអាកាសទៅលើអ៊ុយក្រែន។ មកទល់ពេលនេះ គឺមិនទាន់មានការចាប់ផ្តើមកិច្ចពិភាក្សានៅឡើយទេ ដើម្បីបញ្ចប់សង្រ្គាមមួយនេះ ដែលបានបំផ្លិចបំផ្លាញទីប្រជុំជននិងទីក្រុងអ៊ុយក្រែនជាច្រើន​ឱ្យខ្ទេចខ្ទីហិនហោច ព្រមទាំងផ្តាច់ជីវិតមនុស្សរាប់ពាន់នាក់ ហើយធ្វើឱ្យរាប់លាននាក់ផ្សេងទៀត ត្រូវខ្ចាត់ព្រាត់ពីផ្ទះសម្បែងរបស់ពួកគេ៕