(វ៉ាស៉ីនតោន)៖ មន្រ្តីចារកម្មកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រុស្ស៉ីទំនងជាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ បើទោះបីជាមានការវាយប្រហារលើវិមានក្រឹមឡាំងនាពេលថ្មីៗនេះ ព្រមទាំងការស្លាប់និងរបួសយ៉ាងធ្ងន់ធ្ងរ នៃទាហានរបស់ខ្លួនក្នុងការឈ្លានពានអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។
នាយកបណ្តាញស៊ើបការណ៍សម្ងាត់ជាតិរបស់សហរដ្ឋអាមេរិក លោកស្រី អៅរីល ហែនណេស (Avril Haines) បានប្រាប់គណៈកម្មាធិការយោធានៃព្រឹទ្ធសភាអាមេរិក យ៉ាងដូច្នេះថា «វាមិនទំនងកើតឡើងទេ នេះជាការវាយតម្លៃបច្ចុប្បន្នរបស់យើង»។ ប៉ុន្តែលោកស្រី ហែនណេស មិនបានបញ្ជាក់លម្អិតអំពីការវាយតម្លៃលម្អិតនោះទេ។ កន្លងមក ក្រុមមន្ត្រីអាមេរិកបាននិយាយថា ពួកគេមិនបានឃើញសញ្ញាណាមួយដែលថា រុស្ស៉ីកំពុងរៀបចំប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែពួកគេកំពុងបន្តការប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ។
គួរបញ្ជាក់ថា ភាពតានតឹងនុយក្លេអ៊ែររវាងរុស្ស៉ី និងសហរដ្ឋអាមេរិក បានកើនឡើងចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ខណៈដែល លោក ពូទីន បានព្រមានម្តងហើយម្តងទៀតថា រុស្ស៉ីត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើចាំបាច់ដើម្បីការពារបូរណភាពទឹកដី។
យ៉ាងនេះក្តី កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានច្រានចោលនូវការលើកឡើងដែលថា រុស្ស៉ីអាចនឹងត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដោយនិយាយថា រដ្ឋនុយក្លេអ៊ែរទាំងអស់បានគោរពតាមការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ៕