(រ៉ូម)៖ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី បានលុបចោលផែនការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពី​រដ្ឋមន្រ្តីបារាំងម្នាក់បានរិះគន់ គោលនយោបាយអន្តោប្រវេសន៍របស់ទីក្រុងរ៉ូម ដែលជាការទាស់គ្នាថ្មីម្តងទៀត ជុំវិញបញ្ហានេះរវាងប្រទេស​ទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉ារីស រដ្ឋមន្រ្តីមហាផ្ទៃរបស់ប្រទេសបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណាំង (Gerald Darmanin) បាននិយាយថា នាយករដ្ឋមន្រ្តីអ៉ីតាលី លោកស្រី ចចជៀ មេឡូនី (Giorgia Meloni) ហាក់មិនមានសមត្ថភាពឡើយ ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ដែលប្រទេសលោកស្រី កំពុងតែប្រឈម។ រដ្ឋមន្រ្តីការបរទេសអ៉ីតាលី លោក អាន់តូនីញ៉ូ តាយ៉ានី (Antonio Tajani) ក៏បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក ដាម៉ាណាំង ថាជារឿងមិនអាចទទួលយកបាន ហើយថែមទាំងលុបចោល​គម្រោងទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស។

ក្រោយមក ទីក្រុងប៉ារីសក៏បានព្យាយាមបន្ធូរបន្ថយភាពតានតឹងវិញ ដោយនិយាយថា ខ្លួនសង្ឃឹមថាជំនួបរវាងលោក តាយ៉ានី ជាមួយ​សមភាគីបារាំង គឺលោកស្រី ខាថឺរីន កូឡូនណា (Catherine Colonna) ដែលពីដំបូងត្រូវបានគ្រោងធ្វើឡើង នៅល្ងាចថ្ងៃព្រហស្បតិ៍នោះ នឹងអាច​ស្វែងរកកាលបរិច្ឆេទថ្មីនាពេលឆាប់ៗ។ លោកស្រី Colonna បាននិយាយថា លោកស្រីបាននិយាយជាមួយលោក ចាយ៉ានី តាមទូរស័ព្ទ ហើយលោកស្រីបានប្រាប់ លោករដ្ឋមន្រ្តីការបរទេសអ៉ីតាលីថា ទំនាក់ទំនងរវាងអ៉ីតាលីនិងបារាំង គឺឈរលើមូលដ្ឋាននៃ​ការគោរពគ្នាទៅវិញទៅមក។

ក្រសួងការបរទេសបារាំងបាននិយាយថា រដ្ឋាភិបាលទីក្រុងប៉ារីសចង់បន្តធ្វើការជាមួយអ៉ីតាលី ដើម្បីដោះស្រាយបញ្ហាប្រឈមរួមពាក់ព័ន្ធ​ការកើនឡើងយ៉ាងឆាប់រហ័ស នៃលំហូរជនអន្តោប្រវេសន៍ ហើយបានអំពាវនាវឱ្យមានការសន្ទនាគ្នាដោយភាពស្ងប់ស្ងាត់។ ទោះបែបនេះក្តី លោក តាយ៉ានី បានចាត់ទុកថា ការអត្ថាធិប្បាយរបស់លោក ដាម៉ាណាំង ប្រៀបដូចជាចាក់មួយកាំបិតពីក្រោយខ្នងយ៉ាងដូច្នោះ ហើយលោកនៅតែចង់ឱ្យលោករដ្ឋមន្រ្តីមហាផ្ទៃបារាំង ចេញមុខសូមទោសចំពោះនាយករដ្ឋមន្រ្តី រដ្ឋាភិបាល និងប្រជាជាតិអ៉ីតាលីទាំងមូល។

គួរបញ្ជាក់ថា រដ្ឋាភិបាលកណ្តាលនិយមបារាំង នៅក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់បានផ្ទុះបញ្ហា​វិវាទជាមួយ រដ្ឋាភិបាលបន្តបន្ទាប់របស់អ៉ីតាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជុំវិញបញ្ហាអន្តោប្រវេសន៍។ ការកើនឡើងថ្មីចុងក្រោយបំផុត​នៃភាពតានតឹង គឺកាលពីខែវិច្ឆិកា ឆ្នាំមុន នៅពេលលោកស្រី មេឡូនី ដែលគណបក្សបានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែកញ្ញា ឆ្នាំដដែល បានបដិសេធអនុញ្ញាតឱ្យកប៉ាល់សប្បុរសធម៌មួយគ្រឿង ដែលផ្ទុកជនអន្តោប្រវេសន៍២៣០នាក់ ចូលចតនៅអ៉ីតាលី។ កប៉ាល់នោះ​ក៏បានចូលចតនៅបារាំង ប៉ុន្តែទីក្រុងប៉ារីសបានថ្កោលទោសការសម្រេចចិត្តរបស់ទីក្រុងរ៉ូម ព្រមទាំងផ្អាកផែនការទទួលជនអន្តោប្រវេសន៍ ៣,៥០០នាក់ពីអ៉ីតាលីថែមទៀត។ យ៉ាងណាក្តី ចាប់ពីពេលនោះ ទំនាក់ទំនងបានទទួលភាពប្រសើរឡើងវិញ ដោយលោក ម៉ាក្រុង និងលោកស្រី មេឡូនី បានជួបប្រជុំនៅទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក កាលពីខែមីនា ដើម្បីពិភាក្សាគ្នា៕