(មូស្គូ)៖ ស្ថានទូតអាមេរិកបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅរុស្ស៉ី លោកស្រី លីន ត្រេស៉ី (Lynne Tracy) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានទៅសួរសុខទុក្ខពលរដ្ឋអាមេរិកម្នាក់ គឺលោក ផូល វេលែន (Paul Whelan) នៅក្នុងពន្ធនាគារដែលលោកត្រូវបានឃុំខ្លួននៅតំបន់ម៉ុលដូវីយ៉ា (Mordovia) ភាគខាងកើតប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។
ស្ថានទូតអាមេរិកបានឲ្យដឹងតាមរយៈសារនៅលើ Twitter ថា «លោក ផូល ត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅរុស្ស៉ីអស់រយៈពេលជាង ៤ឆ្នាំមកហើយ ហើយការដោះលែងរូបលោកនៅតែជាគោលដៅអាទិភាពរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលអាមេរិកនឹងបន្តសហការ ជាមួយអាជ្ញាធររុស្ស៉ីលើករណីនេះ ដើម្បីឲ្យលោក ផូល អាចត្រឡប់មកផ្ទះវិញបានឆាប់តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា លោក ផូល វេលលែន ដែលជាអតីតទាហានជើងទឹកអាមេរិក និងត្រូវបានចាប់ខ្លួនក្នុងខែធ្នូ ឆ្នាំ២០១៨ ត្រូវបានឃុំឃាំងនៅ ពន្ធនាគា ឡេហ្វូតូវ៉ូ (Lefortovo) ក្នុងទីក្រុងមូស្គូរយៈពេល ១៨ខែ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៦ឆ្នាំ កាលពី ខែមិថុនា ឆ្នាំ២០២០ ពីបទចោទប្រកាន់ចារកម្ម។ ប៉ុន្តែលោកបានបដិសេធការចោទប្រកាន់នេះ។ សហរដ្ឋអាមេរិកចាត់ទុកករណីរបស់ លោក វែលលែន ថាជាការចោទប្រកាន់ដោយក្លែងបន្លំហើយមានចេតនានយោបាយ៕