(ក្វាតេម៉ាឡា)៖ អាជ្ញាធរក្វាតេម៉ាឡាបានជម្លៀសមនុស្សច្រើនជាង ១,០០០នាក់ និងបិទផ្លូវមួយចំនួន ស្របពេលភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយជះកម្ទេចផេះទៅលើទីក្រុងផ្សេងៗ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីរដ្ឋធានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។
មន្រ្តីទីភ្នាក់ងារគាំពារជនស៉ីវិលរបស់ក្វាតេម៉ាឡា បានឱ្យដឹងថា មនុស្សចំនួន១,០៥៤នាក់ ត្រូវបានជម្លៀសចេញពីសហគមន៍ចំនួន៥កន្លែង ដែលនៅក្បែរជើងភ្នំខាងលើ និងផ្លាស់ទៅកាន់កីឡដ្ឋានមួយកន្លែង ដែលត្រូវបានយកធ្វើជាកន្លែងជ្រកកោនសុវត្ថិភាព ខណៈចំនួននេះត្រូវរំពឹងថានឹងបន្តកើនឡើងថែមទៀត។
ដុំពពកនៃផ្សែងនិងផេះដែលបញ្ចេញដោយភ្នំភ្លើងឈ្មោះ ហ្វូហ្គោ (Fuego) បានឡើងដល់កម្ពស់ជាង៦,០០០ម៉ែត្រ លើកម្ពស់នីវ៉ូសមុទ្រ។ កម្ទេចផេះទាំងនោះ បាននិងកំពុងធ្លាក់ទៅភាគខាងលិចនិងភាគនិរតីនៃភ្នំភ្លើង ពោលគឺក្នុងទិសដៅផ្ទុយពីរដ្ឋធានីក្វាតេម៉ាឡាស៉ីធី ដែលស្ថិតនៅចម្ងាយ៣៥គីឡូម៉ែត្រពីភាគឦសាននៃភ្នំភ្លើងនោះ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្វាតេម៉ាឡា បានធ្វើការប៉ាន់ប្រមាណថា មានមនុស្សប្រហែល១៣០,០០០នាក់ ដែលកំពុងរស់នៅតាមតំបន់ដែលប្រឈម ហានិភ័យនៃការធ្លាក់កម្ទេចផេះ ដែលបានធ្លាក់នៅចម្ងាយឆ្ងាយបំផុតគឺ ១០០គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលសុវត្ថិភាពចំនួន១៣ ត្រូវបានបើកនៅក្នុងក្រុងចំនួន៤ ដែលមានសមត្ថភាពផ្តល់កន្លែងជ្រកកោនដល់មនុស្សខ្ទង់ ៧,៦០០នាក់។ កាលពីខែធ្នូ ឆ្នាំ២០២២ បន្ទុះភ្នំភ្លើងខាងលើបានបង្ខំឱ្យអាជ្ញាធរក្វាតេម៉ាឡា ត្រូវបិទព្រលានយន្តហោះធំបំផុតជាបណ្តោះអាសន្ន។ ជាមធ្យម ភ្នំភ្លើងមានកម្ពស់៣,៧៦៣ម៉ែត្រនេះ តែងផ្ទុះឡើងជារៀងរាល់ ៤-៥ឆ្នាំ។ កាលពីឆ្នាំ២០១៨ បន្ទុះរបស់វាបានបំផ្លាញភូមិមួយកន្លែង និងផ្តាច់ជីវិតមនុស្ស២១៥នាក់ ខណៈចំនួនប្រហាក់ប្រហែលគ្នាបានបាត់ខ្លួន។ ប្រទេសក្វាតេម៉ាឡានៅមាន ភ្នំភ្លើងសកម្ម២ទៀត គឺ សាន់ត្យាហ្គុយតូ (Santiaguito) ដែលនៅភាគខាងលិចប្រទេស ហើយនិងប៉ាកាយ៉ា (Pacaya) ដែលនៅភាគខាងត្បូង៕