(វ៉ាស៉ីនតោន)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំទីក្រុងវ៉ាស៉ីនតោន លោក ឆូ យុនដុង (Cho Hyun Dong) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បាននិយាយថា ទីក្រុងសេអ៊ូលនឹងធ្វើប្រាស្រ័យទាក់ទងជាមួយចិន ក្នុងកម្រិតជាន់ខ្ពស់នាពេលឆាប់ៗខាងមុខ ហើយក៏នឹងព្យាយាមស្វែងរកឱកាសសម្រាប់ការធ្វើការទូត ដែលមានគោលដៅសម្រាប់កិច្ចសហប្រតិបត្តិការត្រីភាគី ជាមួយចិននិងជប៉ុនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។
លោក ឆូ បានថ្លែងដូចខាងលើកំលុងព្រឹត្តិការណ៍មួយ ដែលរៀបចំដោយមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តអន្តរជាតិ នៅទីក្រុងវ៉ាស៉ីនតោន។ លោកបានបន្តថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានរារាំងការធ្វើប្រាស្រ័យទាក់ទងគ្នាក្នុងកម្រិតខ្ពស់ជាមួយចិន ហើយចាំបាច់ឱ្យមាននូវមូលដ្ឋានថ្មីមួយ សម្រាប់ទំនាក់ទំនងជាមួយ ប្រទេសជិតខាងរបស់ខ្លួនមួយនេះ ដែលជាដៃគូពាណិជ្ជកម្មលេខមួយរបស់ខ្លួនផងដែរ។
លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បាននិយាយដូច្នេះថា «ឥឡូវស្ថានការណ៍កូវីដហាក់មានភាពប្រសើរឡើងខ្លាំងហើយ ដូច្នេះពួកយើងនឹងចាប់ផ្តើមធ្វើប្រាស្រ័យទាក់ទងជាមួយចិន ក្នុងកម្រិតជាន់ខ្ពស់ ខណៈទន្ទឹមគ្នាយើងក៏នឹងព្យាយាមស្វែងរកឱកាសខ្លះៗ នៃការធ្វើការទូតនៅក្រោមបរិបទ នៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងទីក្រុងសេអ៊ូល តូក្យូ និងប៉េកាំង ថែមទៀតផង»។
លោក ឆូ ទទួលស្គាល់ថា ចិនប្រហែលជាមានការមិនពេញចិត្តមួយចំនួន ចំពោះទំនាក់ទំនងការទូតដ៏ស៉ីជម្រៅ របស់ទីក្រុងសេអ៊ូលទាំងជាមួយសហរដ្ឋអាមេរិកនិងជប៉ុន ជាពិសេសជុំវិញសេចក្តីថ្លែងការណ៍រួម ដែលទើបត្រូវបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូល ក្នុងទីក្រុងវ៉ាស៉ីនតោនរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយនិងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ទីក្រុងសេអ៊ូលចាំបាច់ត្រូវរក្សាទំនាក់ទំនងល្អជាមួយចិន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ចិនបានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះកូរ៉េខាងត្បូង ជុំវិញសេចក្តីថ្លែងការណ៍រួមរបស់លោក យូន ជាមួយលោក បៃដិន ស្តីអំពីភាពចាំបាច់នៃសុខសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាបញ្ហាដ៏សំខាន់និងរសើបជាទីបំផុតសម្រាប់ទីក្រុងប៉េកាំង៕