(វ៉ាស៊ីនតោន)៖ សេតវិមានបានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំង បន្ទាប់ពីអ្នកនាំពាក្យរុស្ស៊ី លោក Dmitry Peskov បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានដឹកនាំអ៊ុយក្រែនឱ្យធ្វើការវាយប្រហារនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣។

លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា «យើងមិនមានអ្វីជាប់ពាក់ព័ន្ធជាមួយរឿងនេះទេ»។ លោកបានបន្ថែមថា «​ លោក Peskov តែងតែកុហកបែបហ្នឹងជារឿងធម្មតា»។

រុស្ស៊ី​បាន​អះអាង​ថា អ៊ុយក្រែន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​យប់​ថ្ងៃ​អង្គារ​ ជាមួយ​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​ ក្នុង​គោល​បំណងធ្វើឃាត​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែល​ការ​ចោទ​ប្រកាន់នេះត្រូវបាន​ក្រុង​កៀវ​បដិសេធ។

លោក Peskov លេខាធិការសារព័ត៌មានយូរឆ្នាំរបស់ លោក ពូទីន បាននិយាយកាលពីថ្ងៃពុធថា «ការសម្រេចចិត្តលើការវាយប្រហារបែបនេះមិនត្រូវបានធ្វើឡើងនៅក្រុងកៀវទេ ប៉ុន្តែនៅទីក្រុងវ៉ាស៊ីនតោន»។ លោក​បាន​បន្ថែម​ថា «ក្រុង​កៀវ​ធ្វើ​តែ​អ្វី​ដែល​គេ (សហរដ្ឋអាមេរិក) ​ស្នើ​ឲ្យ​ធ្វើ»។

គួរបញ្ជាក់ថា ខាងទីក្រុងកៀវបានចេញមុខបដិសេធថា ខ្លួនមិនមានជាប់ទាក់ទងក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍​នេះឡើយ នៅពេលឃ្លីបវីដេអូមួយបានបង្ហាញឱ្យឃើញវត្ថុហោះហើរចំនួនពីរ សំដៅទៅរកវិមានក្រឹមឡាំង ហើយវត្ថុមួយក្នុងចំណោមនោះ ក៏បានផ្ទុះឡើង។ វិមានក្រឹមឡាំងបានអះអាងថា ខ្លួនរក្សាសិទ្ធិដើម្បីសងសឹកឆ្លើយតបទៅវិញ ប៉ុន្តែមិនបាននិយាយថា សកម្មភាពតបតនោះ​នឹងធ្វើឡើងក្នុងទម្រង់បែបណាទេ៕