(អ៊ីស្លាម៉ាបាដ)៖ កងទ័ពប៉ាគីស្ថានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្មាន់កាំភ្លើងបានសម្លាប់ទាហានប៉ាគីស្ថាន ៦នាក់នៅក្នុងការបាញ់ប្រហារគ្នាមួយ នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយព្យ នៅតាមព្រំដែនជាមួយអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៣។

រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ពួកសកម្មប្រយុទ្ធដែលចង់បង្កើតច្បាប់អ៊ីស្លាមដ៏តឹងរ៉ឹងនៅក្នុងប្រទេសប៉ាគីស្ថាន មានជម្រកសុវត្ថិភាពក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីរៀបចំផែនការ និងធ្វើការវាយប្រហារ។

កង​ទ័ព​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ «​ការ​បាញ់ផ្លោងគ្នាទៅវិញទៅមក​បាន​កើត​ឡើង​រវាង​ភេរវករ និង​កម្លាំង​របស់​យើង​»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «ភេរវករ» បីនាក់ក៏ត្រូវបានសម្លាប់ផងដែរ នៅពេលដែលកងទ័ពប៉ះទង្គិចជាមួយពួកគេ ដោយគូសបញ្ជាក់ថា ខ្លួនកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់ថា តើមានអ្នកវាយប្រហារផ្សេងទៀតលាក់ខ្លួនដែរឬទេ។

ទោះជាយ៉ាងណាគ្មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការបង្ហូរឈាមនេះទេ បន្ទាប់ពីប៉ាគីស្ថានបានប្រកាសប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធ ក្រោយពីមានការវាយប្រហារម្តងហើយម្តងទៀត រួមទាំងការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមកាលពីខែកុម្ភៈ ដែលបានសម្លាប់មនុស្សជាង ១០០នាក់៕