(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា គឺជាមេខ្លោងរៀបចំនៅពីក្រោយ សកម្មភាពដែលខ្លួនអះអាងថា ជាការវាយប្រហារដោយដ្រូន មកលើវិមានក្រឹមឡាំង ដែលមានគោលដៅធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បានធ្វើការចោទប្រកាន់ដូចខាងលើ ប្រាប់ក្រុមអ្នកសារព័ត៌មាន ហើយលោកបានបន្តថា ទីក្រុងវ៉ាស៉ីនតោនគួរតែដឹងច្បាស់ថា រុស្ស៉ីបានដឹងថា ខ្លួនគឺជាអ្នកដែលជ្រើសរើសគោលដៅវាយប្រហារ ខណៈអ៊ុយក្រែនគ្រាន់តែជា អ្នកចាំអនុវត្តផែនការរបស់អាមេរិកប៉ុណ្ណោះ។ យ៉ាងណាក្តី អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ មិនបានផ្តល់ភស្តុតាងអ្វី ដើម្បីគាំទ្រអំណះអំណាងអំពីការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកនោះទេ។
គួរបញ្ជាក់ថា ខាងទីក្រុងកៀវបានចេញមុខបដិសេធថា ខ្លួនមិនមានជាប់ទាក់ទងក្នុងឧប្បត្តិហេតុ ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះឡើយ នៅពេលឃ្លីបវីដេអូមួយបានបង្ហាញឱ្យឃើញវត្ថុហោះហើរចំនួនពីរ សំដៅទៅរកវិមានក្រឹមឡាំង ហើយវត្ថុមួយក្នុងចំណោមនោះ ក៏បានផ្ទុះឡើង។ វិមានក្រឹមឡាំងបានអះអាងថា ខ្លួនរក្សាសិទ្ធិដើម្បីសងសឹកឆ្លើយតបទៅវិញ ប៉ុន្តែមិនបាននិយាយថា សកម្មភាពតបតនោះនឹងធ្វើឡើងក្នុងទម្រង់បែបណាទេ៕