(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ជីវ គួចឹង (Chiu Kuo-cheng) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការប្រគល់យន្តហោះចម្បាំង F-16V ស៊េរីទំនើបៗចំនួន ៦៦គ្រឿងពីសហរដ្ឋអាមេរិក ត្រូវបានពន្យារពេលដោយសារតែ ការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់ ហើយក្រសួងកំពុងធ្វើការដើម្បីកាត់បន្ថយការប៉ះពាល់ ព្រមទាំងដើម្បីប៉ះប៉ូវការខ្វះខាតនេះវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
តៃវ៉ាន់បាននិងកំពុងកែច្នៃយន្តហោះចម្បាំង F-16A/B ចំនួន ១៤១គ្រឿងឲ្យទៅជាប្រភេទ F-16V ហើយថែមទាំងបានបញ្ជាទិញយន្តហោះ F-16V ថ្មីចំនួន ៦៦គ្រឿងដែលមានប្រព័ន្ធអេឡិចត្រូនិច សព្វាវុធ និងរ៉ាដាថ្មីៗ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះ F-16Vs ថ្មីដំបូងគេ ត្រូវដឹកជញ្ជូនមកនៅក្នុងត្រីមាសទី ៤នៃឆ្នាំ២០២៣នេះ ប៉ុន្តែបានពន្យារពេលដល់ត្រីមាសទី ៣នៃឆ្នាំ២០២៤ ដោយសារតែមានការរំខាននៃខ្សែចង្វាក់ផ្គត់ផ្គង់កំលុងពេលវិបត្តិកូវីដ១៩។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសភា លោក ជីវ បានគូសបញ្ជាក់ថា «តៃវ៉ាន់បានស្នើដល់សហរដ្ឋអាមេរិកឲ្យបំពេញការខ្វះខាត រួមទាំងផ្តល់អាទិភាពលើការផ្តល់គ្រឿងបន្លាស់។ ជាមួយគ្នានេះ បណ្តាញទំនាក់ទំនងជាច្រើនកំពុងត្រូវបានប្រើប្រាស់ ហើយយើងកំពុងកាត់បន្ថយផលប៉ះពាល់ដោយសារតែបញ្ហានេះ ដោយរំពឹងថានឹងទទួលបានតាមការបញ្ជាទិញពេញលេញ នៅមុនឆ្នាំ២០២៦។ ក្រសួងការពារជាតិកំពុងប្រើប្រាស់បណ្តាញការទូត ដូចជាតាមរយៈតំណាងអាមេរិកប្រចាំទីក្រុងតៃប៉ិ ដើម្បីដោះស្រាយបញ្ហា»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ បានអនុម័តការលក់យន្តហោះចម្បាំង F-16 ដែលមានតម្លៃ ៨ពាន់លានដុល្លាររបស់ក្រុមហ៊ុន Lockheed Martin Corp ឲ្យមកតៃវ៉ាន់។ កិច្ចព្រមព្រៀងនោះនឹងធ្វើឱ្យយន្តហោះចម្បាំង F-16 របស់ដែនកោះនេះ កើនដល់ជាង២០០គ្រឿង ដែលជាចំនួនដ៏ច្រើនបំផុតនៅអាស៉ី៕