(ឡាអេ)៖ អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងតែបំពេញទស្សនកិច្ចនៅទីក្រុងឡាអេ នៃប្រទេសហូឡង់នាថ្ងៃព្រហស្បតិ៍នេះ ហើយលោកនឹងជួបជាមួយក្រុមថ្នាក់ដឹកនាំ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

លោក សឺហ្គៃ នីគីវ៉ូរូវ (Sergiy Nykyforov) បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «ពួកយើងកំពុងស្ថិតនៅទីក្រុងឡាអេ។ យើងនឹងជួបជាមួយថ្នាក់ដឹកនាំ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ»។ តុលាការ ICC បានចេញដីកាចាប់ខ្លួនប្រធានាធីបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីខែមីនា ឆ្នាំនេះ ពីបទជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម នៅអ៊ុយក្រែន។ ប្រការនេះមានន័យថា ប្រទេសសរុបចំនួន១២៣ ដែលជាភាគីនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC មានកាតព្វកិច្ចត្រូវតែចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ប្រសិនបើលោកហ៊ានឈានជើង​ជាន់លើទឹកដីរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ហូឡង់ លោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ព្រលានយន្តហោះនៃ​ទីក្រុងអាំស្ទែដាំ កាលពីយប់ថ្ងៃពុធ បន្ទាប់ពីការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងថ្ងៃដដែល នៅឯប្រទេសហ្វាំងឡង់ ដើម្បីជួបក្រុមដឹកនាំប្រទេសអឺរ៉ុបខាងជើង៕