(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ កាលពីថ្ងៃពុធសប្តាហ៍នេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកដកកងទ័ពចេញពីស៉ីរី ដើម្បីធានានូវសន្តិសុខរបស់ប្រទេសអារ៉ាប់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានលើកឡើងដូចខាងលើ កំលុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីស៉ីរី លោក អាស្សារ អាល់អាស្សាដ (Bashar al-Assad) ក្រោយកិច្ចប្រជុំទ្វេភាគីនៅឯទីក្រុងដាម៉ាស ក្នុងថ្ងៃដដែល។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអ៉ីរ៉ង់ លោក រ៉ៃស៉ី បាននិយាយដូច្នេះថា «បើកងទ័ពអាមេរិកត្រូវបានដកចេញពីស៉ីរីកាន់តែឆាប់ នោះសន្តិសុខរបស់ស៉ីរីក៏នឹងទទួលបាន ការធានាកាន់តែមានប្រសិទ្ធភាពដែរ»។ លោក រ៉ៃស៉ី បានបន្តថា ទីក្រុងតេហេរ៉ង់នៅតែរក្សាជំហរថា វត្តមានរបស់អាមេរិកនៅស៉ីរី គឺពុំត្រឹមមិនផ្តល់ការចូលរួមចំណែកអ្វី ដល់សន្តិសុខរបស់ប្រទេសអារ៉ាប់មួយនេះឡើយ ប៉ុន្តែថែមទាំងបង្ក ការគំរាមកំហែងដល់សន្តិសុខរបស់ស៉ីរី ក៏ដូចជារបស់តំបន់មជ្ឈិមបូព៌ាទាំងមូល។
គួរបញ្ជាក់ថា លោក រ៉ៃស៉ី បានធ្វើដំណើរទៅដល់ទីក្រុងដាម៉ាសកាលពីថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ ហើយវាគឺជាដំណើរទស្សនកិច្ចដំបូងបំផុត របស់ប្រធានាធិបតីអ៉ីរ៉ង់ទៅកាន់រដ្ឋអារ៉ាប់មួយនេះ គិតចាប់តាំងពីសង្រ្គាមស៉ីវិលស៉ីរីបានផ្ទុះឡើង កាលពីឆ្នាំ២០១១៕