(ឡុងដ៍)៖ ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីសម្រេចថាតើ ការរាតត្បាតជំងឺកូវីដ១៩ នៅតែមានស្ថានភាពជា ភាពអាសន្នផ្នែកសុខភាពសាធារណៈជាសកល ឬយ៉ាងណា ខណៈការប្រកាសអាសន្ននេះ ត្រូវបានរក្សាមកអស់រយៈពេលជាង៣ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

អង្គការ WHO បានចេញការប្រកាសអាសន្នកម្រិតខ្ពស់បំផុតខាងលើ សម្រាប់ជំងឺកូវីដ១៩ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ពោលគឺ​ប៉ុន្មានសប្តាហ៍ក្រោយពីករណីឆ្លងដំបូងៗ ត្រូវបានរាយការណ៍។ ចាប់តាំងពីពេលនោះមក គណៈកម្មាធិការជំនាញរបស់ WHO បានក៏បន្តផ្តល់​អនុសាសន៍ឱ្យនៅរក្សាការប្រកាសអាសន្នជាប់រហូតមក កំលុងកិច្ចប្រជុំរបស់ខ្លួន ដែលត្រូវបានរៀបចំឡើងជាប្រចាំ រៀងរាល់៣ខែម្តង។

គួរបញ្ជាក់ថា យ៉ាងណាក្តី មួយរយៈចុងក្រោយនេះ ប្រទេសជាច្រើនបានចាប់ផ្តើមលុបចោល ការប្រកាសអាសន្នសម្រាប់កូវីដ១៩ នៅក្នុង​ស្រុករបស់ពួកគេផ្ទាល់ ដូចជាសហរដ្ឋអាមេរិក ជាដើម។ អគ្គនាយក WHO លោក ថេដ្រូស អាដាណូម ហ្កេប្រេយេស៊ូស (Tedros Adhanom Ghebreyesus) ធ្លាប់បាននិយាយថា លោកសង្ឃឹមថានឹងអាចនឹងបញ្ចប់ ការប្រកាសអាសន្នជាអន្តរជាតិសម្រាប់កូវីដ១៩ នៅក្នុងឆ្នាំ២០២៣នេះ៕