(ម៉ិកស៉ីកូ)៖ ក្នុងលិខិតមួយបង្ហាញដល់អ្នកសារព័ត៌មានកាលពីថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីម៉ិកស៉ិកបានស្នើដល់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ ការផ្តល់ជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ទៅដល់ក្រុមប្រឆាំងរដ្ឋាភិបាលរបស់លោក ដែលនេះជាការរិះគន់ឡើងវិញនូវអ្វីដែលលោក ហៅថាជាការធ្វើអន្តរាគមន៍និយមរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
លោកប្រធានាធិបតីម៉ិកស៉ិក អាន់ដ្រែស ម៉ានូអែល ឡូប៉េស អូប្រាដ័រ (Andres Manuel Lopez Obrador) មិនបានបញ្ជាក់ថាតើក្រុមម៉ិចស៉ិកណាមួយ ដែលអាមេរិកគួរតែបញ្ឈប់ ការផ្តល់មូលនិធិនោះទេ ប៉ុន្តែនាពេលកន្លងមក លោកធ្លាប់បានចោទប្រកាន់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា បម្រើឲ្យក្រុមប្រឆាំងរដ្ឋាភិបាលរបស់លោក។
លោក ឡូប៉េស អូប្រាដ័រ បានគូសបញ្ជាក់ក្នុងលិខិតនោះថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសទីភ្នាក់ងារ USAID ពេលខ្លះបានផ្តល់ហិរញ្ញវត្ថុដល់អង្គការនានា ដែលប្រឆាំង ដោយបើកចំហនឹងច្បាប់ និងរដ្ឋាភិបាលស្របច្បាប់ដែលខ្ញុំកំពុងដឹកនាំ»។ លោកបន្តថានេះជាសកម្មភាពធ្វើអន្តរាគមន៍និយមយ៉ាងច្បាស់ ដែលផ្ទុយពីច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា ក្នុងលិខិតខាងលើ លោកប្រធានាធិបតីម៉ិកស៉ិក ក៏បានអំពាវនាវឲ្យមានកិច្ចអន្តរាគមន៍ពីលោក បៃដិនដែរ ដោយសំអាងលើការប្រកាសរបស់ក្រសួងការបរទេសអាមេរិក ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា USAID នឹងបង្កើនមូលនិធិរបស់ខ្លួនដល់អង្គការ ឬស្ថាប័នដែលលោកបានលើកឡើងខាងលើ។ កាលពីឆ្នាំ២០២១ ម៉ិកស៉ិកធ្លាប់បានផ្ញើលិខិតស្រដៀងគ្នា នេះដោយសុំឲ្យទីភ្នាក់ងារ USAID ដកមូលនិធិដែលបានបែងចែកទៅឲ្យអង្គការមិនមែនរដ្ឋាភិបាល ដែលរិះគន់រដ្ឋាភិបាលរបស់ខ្លួន៕