(ខាទុំ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា «យើងបរាជ័យ» ក្នុងការបញ្ឈប់ កុំឱ្យសង្រ្គាមផ្ទុះឡើងនៅស៊ូដង់ ជាកន្លែងដែលមានការប្រយុទ្ធគ្នាឥតឈប់ឈរ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា ធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹង បទឈប់បាញ់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
លោក ហ្គូតឺរ៉េស បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងណៃរ៉ូប៊ី នៃប្រទេសកេនយ៉ា យ៉ាងដូច្នេះថា «អង្គការសហប្រជាជាតិមានការភ្ញាក់ផ្អើលចំពោះស្ថានភាពនេះ ពីព្រោះតែស្ថាប័ន ពិភពលោកមួយនេះ និងអ្នកផ្សេងទៀត សង្ឃឹមថាការចរចាឆ្ពោះទៅរកការផ្លាស់ប្តូរនៃការដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយនឹងទទួលបានជោគជ័យ»។ ប្រមុខ UN រូបនេះ បានគូសបញ្ជាក់បន្ថែមថា «ប្រទេសមួយដូចជាស៊ូដង់ ដែលទទួលរងទុក្ខវេទនាយ៉ាងខ្លាំងរួចហើយ ...មិនអាចមានលទ្ធភាពក្នុងការតស៊ូ ព្រោះតែការដណ្តើមអំណាចរវាងមនុស្ស ពីរនាក់បានទេ។ ចំពោះវិសាលភាពដែលយើង និងមនុស្សជាច្រើនទៀតមិននឹកស្មានថានឹងកើតឡើងនោះ យើងអាចនិយាយបានថា យើងពិតជាបរាជ័យក្នុងការបញ្ចៀសជម្លោះ»។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាដ៏សាហាវនៅក្នុងរដ្ឋធានីខាទុំ បានផ្ទុះឡើងកាលពីថ្ងៃទី១៥ ខែមេសា រវាងមេដឹកនាំកងទ័ពនៃប្រទេសស៊ូដង់ លោក អាប់ដែល ហ្វាតាស់ អាល់ បួរហាន់ (Abdel Fattah al-Burhan) និងអនុប្រធានរបស់លោក គឺលោក មហាំម៉ាត់ ហាំដាន់ ដាហ្កាឡូ (Mohamed Hamdan Dagalo) ដែលជាមេបញ្ជាការកងកម្លាំងទាហានប៉ារ៉ា (RSF) បានប្រែក្លាយគូប្រជែងដណ្តើមអំណាច។ យ៉ាងហោចណាស់មនុស្សចំនួន ៥៥០នាក់ត្រូវបានសម្លាប់ និង ៤,៩២៦នាក់បានរងរបួស នេះបើយោងតាមតួលេខចុងក្រោយ របស់ក្រសួងសុខាភិបាលស៊ូដង់៕