(មូស្គូ)៖ ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានអះអាងថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានចាប់ផ្ដើម ហើយ ខណៈកងកម្លាំងរបស់លោកកំពុងបង្កើនការប្រុងជើងការខ្ពស់ នៅតាមបណ្ដោយសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

ក្នុងសារជាសំឡេងមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម នៅថ្ងៃពុធសប្ដាហ៍នេះ លោក ព្រីហ្គោហ្ស៉ីន បាននិយាយថាប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងចាប់ផ្ដើមនៅប៉ុន្មាន ថ្ងៃមុខទៀត។ ទីក្រុងកៀវ បានសន្យាថានឹងបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួន ដែលកំពុងកាន់កាប់ដោយទាហានរុស្ស៉ី មកវិញ ក្រោយការឈ្លានពាននៅខែកុម្ភៈ ឆ្នាំ២០២២មក។ ក្នុងសារសំឡេងដដែល ថៅកែក្រុមហ៊ុន Wagner បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថាការវាយលុករបស់អ៊ុយក្រែនបានចាប់ផ្ដើម ហើយ...យើងកំពុងមើល ឃើញការកើនឡើងសកម្មភាពទាំងនៅតាមតំបន់ព្រំដែន និងសមរភូមិ។ ដូច្នេះខ្ញុំជឿថាដំណាក់កាលវាយលុកនឹងកើតឡើងក្នុងពេលដ៏ខ្លី ឬតែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ»

គួរបញ្ជាក់ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner កំពុងដឹកនាំការធ្វើសង្រ្គាមនៅក្នុងទីក្រុងបាកមូត អស់រយៈពេលជាង១០ខែមកនេះ ហើយបើតាមលោក ព្រីហ្គោហ្ស៉ីន បច្ចុប្បន្ន ទាហានអ៊ុយក្រែនកំពុងកាន់កាប់ទឹកដីត្រឹមតែ ២.៦៤គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ នៃទីក្រុងស្ថិតនៅតំបន់ភាគខាងកើតមួយនេះ។ ប៉ុន្តែខាងអ៊ុយក្រែន នៅតែបន្តតស៊ូប្រយុទ្ធ និងប្ដេជ្ញាថានឹងមិនដកថយនោះទេ៕