(តូក្យូ)៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO គ្រោងនឹងបើកការិយាល័យទំនាក់ទំនងមួយនៅក្នុងប្រទេសជប៉ុន ដើម្បីជួយសម្របសម្រួល ការប្រឹក្សាយោបល់នៅក្នុងតំបន់។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei Asia នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។
សារព័ត៌មាន Nikkei Asia ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលជប៉ុនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ហើយបើជា ការពិតមែន នោះវានឹងក្លាយជាការិយាល័យដំបូងបំផុតរបស់ NATO នៅក្នុងតំបន់អាស៊ី។ ការិយាល័យទំនាក់ទំនងនេះនឹងផ្ដល់លទ្ធភាពឱ្យ NATO ពិគ្រោះយោបល់ជាមួយប្រទេសជាដៃគូ ដូចជាជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ នៅចំពោះការប្រជែងភូមិសាស្ត្រនយោបាយយ៉ាងក្ដៅគគុកជាមួយ ចិន និងរុស្ស៉ី។
គួរបញ្ជាក់ថា បើតាមសារព័ត៌មាន Nikkei Asia ការិយាល័យខាងលើអាចនឹងត្រូវបើកទ្វារក្នុងទីក្រុងតូក្យូ នៅឆ្នាំ២០២៤។ ប៉ុន្តែ ភ្លាមៗខាង NATO និងរដ្ឋាភិបាលជប៉ុន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។ NATO ក៏មានការិយាល័យទំនាក់ទំនងរបស់ខ្លួនដែរក្នុង ទីក្រុងញូវយ៉ក វីយែន អ៊ុយក្រែន និងនៅតាមប្រទេសមួយចំនួនទៀត៕