(កៀវ)៖ មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ក្រុងកៀវមិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើវិមានក្រឹមឡាំងនោះទេ ហើយថា សកម្មភាពបែបនេះមិនបានសម្រេចអ្វីសម្រាប់ក្រុងកៀវនៅលើសមរភូមិឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣។
ទីប្រឹក្សាប្រធានាធិបតី លោក Mykhailo Podolyak បាននិយាយនៅក្នុងសុន្ទរកថាផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការអះអាងថាទីក្រុងកៀវនៅពីក្រោយការវាយប្រហារអាចបង្ហាញថា ទីក្រុងម៉ូស្គូកំពុងរៀបចំការវាយប្រហារ «ភេរវកម្ម» ទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខនេះ។
លោក Podolyak បានបន្ថែមថា «ជាការពិតណាស់ អ៊ុយក្រែនមិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនលើវិមានក្រឹមឡាំងទេ។ យើងមិនវាយប្រហារវិមានក្រឹមឡាំងទេ ព្រោះវាមិនអាចដោះស្រាយកិច្ចការយោធាណាមួយឡើយ»។
គួរបញ្ជាក់ថា រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានវាយប្រហារវិមានក្រឹមឡាំងដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿងនៅពេលយប់ នៅក្នុងការប៉ុនប៉ងបរាជ័យក្នុងការធ្វើឃាតប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន៕