(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរី បានរាយការណ៍ថា ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី (Ebrahim Raisi) បានទៅដល់ក្រុងដាម៉ាស (Damascus) ហើយនៅថ្ងៃពុធនេះ ដើម្បីជួបពិភាក្សាជាមួយសមភាគី លោក បាសា អាល់ អាសាដ (Bashar al-Assad) ក្នុងដំណើរទស្សនកិច្ចលើកដំបូងគិតចាប់តាំងពីសង្គ្រាមនៅស៉ីរី ផ្ទុះឡើងកាលពីឆ្នាំ២០១១។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

ទង់ជាតិអ៉ីរ៉ង់ និងស៊ីរីត្រូវបានរៀបចំជាជួរនៅអាកាសយានដ្ឋាន សម្រាប់ការមកដល់របស់ លោក រ៉ៃស៉ី និងគណៈប្រតិភូដែលរួមមានរដ្ឋមន្ត្រីប្រេង រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីកិច្ចការបរទេស និងទូរគមនាគមន៍។ នៅមុនពេលមានដំណើរទស្សនកិច្ចនេះ លោក រ៉ៃស៉ី ប្រាប់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ថា ដំណើរទសន្សកិច្ចនេះនឹងពង្រឹង ក៏ដូចជាអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសស៉ីរី និងសម្ព័ន្ធមិត្តផ្សេងទៀត រួមទាំងក្រុមប្រដាប់អាវុធលីបង់ហេសបូលឡា (Hezbollah) ដែលបានជួយអន្តរាគមន៍នៅប្រទេសស៉ីរី។

គួរបញ្ជាក់ថា ដោយមានការគាំទ្រខាងផ្នែកយោធា និងសេដ្ឋកិច្ចពីអ៉ីរ៉ង់ និងរុស្ស៉ី លោក អាសាដ ដណ្តើមបានការគ្រប់គ្រងភាគច្រើន នៃប្រទេសស៉ីរីឡើងវិញពីក្រុមឧទ្ទាម ដែលគាំទ្រដោយបណ្តាប្រទេសក្នុងតំបន់ ហើយឥឡូវនេះកំពុងស្វែងរកកិច្ចសន្ទនាជាមួយរូបលោក។

ដំណើរទស្សនកិច្ចនៃមេដឹកនាំអ៉ីរ៉ងរូបនេះ ធ្វើឡើងចំពេលដែលអ៉ីរ៉ង់ និងគូប្រជែងក្នុងតំបន់ដូចជា អារ៉ាប៊ីសាអូឌីត ព្យាយាមកសាងទំនាក់ទំនងឡើងវិញជាមូយស៉ីរី បន្ទាប់ពីភាពតានតឹងជាច្រើនឆ្នាំ។ ជាមួយគ្នានេះ ប្រទេសនៅក្នុងតំបន់អារ៉ាប់ ក៏កំពុងបង្កើតផែនទីបង្ហាញផ្លូវដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១២ឆ្នាំ និងធ្វើសមាហរណកម្មស៉ីរី ចូលទៅក្នុងសម្ព័ន្ធអារ៉ាប់ឡើងវិញផងដែរ៕