(វៀងចន្ទន៍)៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស HRW បានឱ្យដឹងនៅថ្ងៃពុធនេះ សកម្មជននយោបាយលេចធ្លោម្នាក់ និងជាអ្នករិះគន់រដ្ឋាភិបាល​នៃប្រទេសឡាវ ត្រូវបានគេបាញ់សម្លាប់ក្នុងហាងកាហ្វេមួយកន្លែង នៅឯរដ្ឋធានីវៀងចន្ទន៍ កាលពីចុងសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

បើតាម HRW កាលពីវេលាម៉ោង១០៖២៧នាទីយប់ថ្ងៃទី២៩ ខែមេសា សកម្មជនខាងលើ ដែលមានឈ្មោះថា អានូសា លួងស៊ូភុំ (Anousa Luangsuphom) ហៅ ជែក (Jack) ដែលមានអាយុត្រឹម២៥ឆ្នាំ ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ត្រូវចំនួន២គ្រាប់ កំលុងពេលអង្គុយនៅក្នុងហាងកាហ្វេមួយកន្លែង ស្ថិតក្នុងសង្កាត់ចាន់ថាប៊ូលី (Chanthabouly) នៃទីក្រុងវៀងចន្ទន៍។ សកម្មជនវ័យក្មេងម្នាក់នោះ ត្រូវបានគេបាញ់ចំដើមទ្រូងនិងមុខ ហើយបានបាត់បង់ជីវិត នៅតាមផ្លូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

លោក អានូសា គឺជាអ្នកគ្រប់គ្រងផេកហ្វេសប៊ុកមួយ ដែលតែងតែបញ្ចេញទស្សនៈរិះគន់ជាប្រចាំចំពោះរដ្ឋាភិបាលឡាវ។ អង្គការ HRW និង​អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានថ្កោលទោសហេតុការណ៍ខាងលើ ហើយបានទទូលឱ្យអាជ្ញាធរឡាវ​បើកការស៉ើបអង្កេតឱ្យល្អិតល្អន់ត្រឹមត្រូវ និងស្វែងរកចាប់ខ្លួនជនសង្ស័យ។

គួរបញ្ជាក់ថា សកម្មជនមួយចំនួននៃប្រទេសឡាវ បានបាត់បង់ជីវិតឬក៏បាត់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានករណីលោក សម្បត្តិ សំផ័ន (Sombath Somphone) ដែលជាសកម្មជនតស៊ូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បានបាត់ខ្លួនតាំងតែពីខែធ្នូ ឆ្នាំ២០១២ ក្រោយប៉ូលិសបានឃាត់យានជំនិះរបស់លោក នៅប៉ុស្តិ៍ត្រួតពិនិត្យមួយ ក្នុងរដ្ឋធានីវៀងចន្ទន៍។ ចំណែកសកម្មជនគាំទ្រលទ្ធិ​ប្រជាធិបតេយ្យម្នាក់ ឈ្មោះ អុដ សាយ៉ាវុង (Od Sayavong) ក៏គ្មាននរណាបានប្រទះឃើញ ចាប់តាំងពីបាត់ខ្លួននៅប្រទេសថៃ កាលពី​ឆ្នាំ២០១៩ផងដែរ៕