(មូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា ការផលិតសព្វាវុធ និងការផ្គត់ផ្គង់ពួកវាទៅកាន់សមរភូមិជួរមុខនៅអ៊ុយក្រែន មានសារសំខាន់ជាខ្លាំងសម្រាប់ភាពជោគជ័យនៃ​សង្រ្គាមនៅអ៊ុយក្រែន ហើយលោកបានអំពាវនាវឱ្យបង្កើនទ្វេដង នូវការផលិតមីស៉ីលជាបន្ទាន់។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

លោក សយហ្គូ បាននិយាយដូច្នេះថា «សកម្មភាពនៃកងកម្លាំងរុស្ស៉ី ដែលកំពុងធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន គឺពឹងផ្អែក​មួយផ្នែកធំទៅលើ ការបំពេញស្តុកបរិក្ខារយោធានិងសព្វាវុធឱ្យបានទាន់ពេលវេលា។ លោកបានបន្តថា ឧស្សាហកម្មការពារជាតិរបស់រុស្ស៉ី ត្រូវបានបង្គាប់ឱ្យបង្កើនទាំងល្បឿននិងទំហំ នៃការផលិតរបស់ពួកគេ។ លោកប្រមុខការពារជាតិរុស្ស៉ី ក៏បានបន្ថែមជាពិសេសថា ការផលិត​មីស៉ីលដែលមានសមត្ថភាពបាញ់ចំគោលដៅក្នុងកម្រិតច្បាស់លាស់ខ្ពស់ គឺចាំបាច់ត្រូវបង្កើនទ្វេដង។

ក្រុមមន្រ្តីប្រទេសលោកខាងលិច ក៏ធ្លាប់បាននិយាយដែរថា រុស្ស៉ីបានប្រឈមការខ្វះខាតទាំងមីស៉ីល ក៏ដូចជាគ្រាប់រ៉ុក្កែតនិងគ្រាប់កាំភ្លើងធំ ខណៈសង្រ្គាមដែលទីក្រុងមូស្គូបានគ្រោងថា នឹងប្រើពេលត្រឹមតែប៉ុន្មានសប្តាហ៍នោះ បានបន្តអូសបន្លាយចូលដល់ខែទី១៥ ហើយមិនទាន់មើល​​ឃើញ ស្រមោលនៃទីបញ្ចប់នៅឡើយទេ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ប៉ុន្មានថ្ងៃកន្លងមកនេះ រុស្ស៉ីបានផ្តាច់ជីវិតនិងបង្កឱ្យរបួសមនុស្សរាប់សិបនាក់ នៅអ៊ុយក្រែន ក្នុងការចាប់ផ្តើមវាយប្រហារ​តាមផ្លូវអាកាស ក្នុងទ្រង់ទ្រាយធំសាជាថ្មីឡើងវិញរបស់ខ្លួន ខណៈខាងអ៊ុយក្រែបានអះអាងថា ប្រព័ន្ធការពារដែនអាកាសខ្លួន បាញ់ស្កាត់បានភាគច្រើននៃមីស៉ីលដែលរុស្ស៉ីបាញ់ទៅរក៕