(តៃប៉ិ)៖ ប្រធានក្រុមហ៊ុនការពារជាតិតៃវ៉ាន់ Aerospace Industrial Development Corp (AIDC) បាននិយាយនៅថ្ងៃពុធនេះថា តៃវ៉ាន់កំពុងតែព្យាយាមស្វែងរក កិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិក នៅក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
ថ្លែងក្នុងវេទិកាឧស្សាហកម្មការពារជាតិតៃវ៉ាន់-អាមេរិក ដែលរៀបចំឡើងនៅទីក្រុងតៃប៉ិ ប្រធានក្រុមហ៊ុន AIDC លោក ហ៊ូ កៃហ៊ុង (Hu Kai Hung) បានលើកឡើងថា ក្រុមហ៊ុនរបស់លោកមានបំណងបង្កើនសមត្ថភាពបច្ចេកទេសរបស់ខ្លួន ដើម្បីជួយក្នុងដំណើរការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មីរបស់តៃវ៉ាន់។ លោក ហ៊ូ បាននិយាយដូច្នេះថា «សម្រាប់កិច្ចប្រឹងប្រែងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ពួកយើងសង្ឃឹមថា សហរដ្ឋអាមេរិកនឹងគាំទ្រតៃវ៉ាន់ក្នុងការអភិវឌ្ឍវាដោយខ្លួនឯង រួមមានទាំងម៉ាស៉ីន ប្រព័ន្ធអេឡិចត្រូនិច ប្រព័ន្ធគ្រប់គ្រង និងគ្រឿងបរិក្ខារដទៃៗទៀត ដែលសុទ្ធតែCaឱកាសសម្រាប់លើកកម្ពស់ កិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់និងអាមេរិក»។
ខណៈយន្តហោះចម្បាំងស្នូលរបស់កងទ័ពអាកាសតៃវ៉ាន់ គឺយន្តហោះចម្បាំង F-16 ដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed Martin ហើយនិងយន្តហោះ Mirage ដែលផលិតដោយក្រុមហ៊ុនបារាំងក្តី តៃវ៉ាន់ក៏ប្រើប្រាស់យន្តហោះចម្បាំង IDF របស់ក្រុមហ៊ុន AIDC ផងដែរ។ ក្រុមយន្តហោះចម្បាំង IDF ត្រូវបានចាប់ផ្តើមប្រើប្រាស់ដំបូង តាំងពីជាង៣ទសវត្សរ៍មុន ប៉ុន្តែចាប់តាំងពីពេលនោះ ពួកវាក៏ត្រូវបានកែលម្អនិងដំឡើងសមត្ថភាពដែរ។
គួរបញ្ជាក់ថា ប្រទេសភាគច្រើនមិនហ៊ានលក់សព្វាវុធឱ្យតៃវ៉ាន់ឡើយ ដោយខ្លាចធ្វើឱ្យចិនដែលចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន មានការខឹងសម្បារ។ សូម្បីតែសហរដ្ឋអាមេរិកផ្ទាល់ ក៏មិនបានផ្តល់ឱ្យតៃវ៉ាន់នូវយន្តហោះចម្បាំងទំនើបៗរបស់ខ្លួន ដូចជា F-22 ឬ F-35 ដែរ ដែលជាហេតុនាំឱ្យតៃវ៉ាន់ពុំមានយន្តហោះចម្បាំង សម្រាប់ទប់ទល់នឹងយន្តហោះចម្បាំងស៊េរីរបស់ចិន J-20 នោះទេ។ ប្រការនេះជំរុញឱ្យតៃវ៉ាន់ផ្តោតលើការអភិវឌ្ឍយន្តហោះចម្បាំងស៊េរីថ្មីនៅក្នុងស្រុក ដែលជាផ្នែកនៃយុទ្ធសាស្រ្តរួម ដើម្បីផលិតសព្វាវុធបន្ថែមដោយខ្លួនឯង ដូចជានាវាមុជទឹកជាដើម៕