(ដូហា)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) កាលពីថ្ងៃអង្គារសប្តាហ៍​នេះ បាននិយាយថា អង្គការសហប្រជាជាតិនឹងបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដើម្បីផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថានរាប់លាន​នាក់ ដែលត្រូវពួកវាជាចាំបាច់ ទោះតាលីបង់បានដាក់បម្រាមលើស្រ្តីអាហ្វហ្កានីស្ថាន ដែលធ្វើការឱ្យ UN ក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ទៀតថា ថវិកាសម្រាប់ការផ្តល់ជំនួយ កំពុងប្រឈមការខ្វះខាតគួរឱ្យបារម្ភខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

លោក ហ្គូតឺរេស បានថ្លែងដូចខាងលើប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំមួយជាមួយក្រុមបេសកជនមកពីជាង២០ប្រទេស នៅឯទីក្រុងដូហានៃប្រទេសកាតា ដើម្បីជជែកអំពីដំណោះស្រាយជាអន្តរជាតិរួមមួយសម្រាប់អាហ្វហ្កានីស្ថាន ហើយលោកក៏បានបន្ថែមថា ក្តីបារម្ភពាក់ព័ន្ធស្ថិរភាពរបស់អាហ្វហ្កានីស្ថាន ក៏កំពុងកើនឡើងផងដែរ។ លោកប្រមុខ UN បានព្រមានថា ការសន្យាផ្តល់ហិរញ្ញប្បទានសម្រាប់​សំណើរៃអង្គាសថវិការបស់ UN សម្រាប់ការផ្តល់ជំនួយមនុស្សធម៌នៅអាហ្វហ្កានីស្ថាន ក្នុងឆ្នាំនេះ គឺមានការខ្វះខាតខ្លាំង ពោលមកទល់ពេលឥឡូវ ទទួលបានត្រឹម​៦ភាគរយប៉ុណ្ណោះ នៃគោលដៅថវិកាចំនួន៤.៦ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្កានីស្ថានបានស្ថិតក្រោមការដឹកនាំ របស់ក្រុមតាលីបង់កាលពីខែសីហា ឆ្នាំ២០២១មក។ លោក ហ្គូតឺរេស បាននិយាយថា បម្រាមលើស្រ្តីអាហ្វហ្កានីស្ថានដែលជាបុគ្គលិករបស់ UN កាលពីខែមេសាកន្លងទៅនេះ គឺជារំលោភបំពាន​សិទ្ធិមនុស្ស៕