(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ដោយ ឯករាជ្យភាពរបស់ខ្លួន និងជំរុញសហគមន៍អន្តរជាតិឲ្យគោរពអធិបតេយ្យរបស់មីយ៉ាន់ម៉ា ក៏ដូចជាជួយប្រទេសនេះឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បានដកស្រង់សម្តីរបស់លោក ឈិន កាង ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ាក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ ស្របទៅនឹង ផលប្រយោជន៍របស់ជាតិ ។ ប្រទេសចិនគាំទ្រមីយ៉ាន់ម៉ា ក្នុងកិច្ចដំណើរការផ្លាស់ប្តូរនយោបាយរបស់ខ្លួន និងគាំទ្រភាគីពាក់ព័ន្ធឲ្យដោះស្រាយភាពខ្វែងគំនិតគ្នា ហើយស្វែងរក ការបង្រួបបង្រួមជាតិក្រោមក្របខណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់»។ លោក ឈិន បានបន្ថែមថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យរបស់មីយ៉ាន់ម៉ា និងដើរតួនាទីប្រកប ដោយលក្ខណៈស្ថាបនាក្នុងការជួយប្រទេសអាស៊ានមួយនេះ ឲ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ។
គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) កំពុងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ហើយគ្រោងនឹងបន្តស្ថិតនៅក្នុងប្រទេសមួយនេះរហូតដល់ ថ្ងៃព្រហស្បតិ៍ស្អែកនេះ។ កាលពីថ្ងៃអង្គារ ទី២ ខែឧសភា លោក ឈិន ក៏បានជួបពិភាក្សាជាមួយមេដឹកនាំរបបសឹក លោក មីន អោងឡាំងផងដែរ ជាមួយការកោតសរសើរពី ទំនាក់ទំនងមិត្តភាព និងសន្យាជំរុញទំនាក់ទំនងរវាងប្រទេសទាំង២៕