(មូស្គូ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងថាឃ្លាំងស្ដុកប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅក្បែរស្ពានដ៏សំខាន់មួយ ក្នុងតំបន់ក្រាស្នូដា (Krasnodar) ភាគនិរតីនៃប្រទេស រុស្ស៉ី ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
អភិបាលតំបន់ Krasnodar លោក វេនីយ៉ាមីន កុនដ្រាទីយ៉េវ (Veniamin Kondratyev) បានបញ្ជាក់ទៀតថាអគ្គិភ័យឆេះឃ្លាំងស្ដុកប្រេងឥន្ធនៈខាងលើ កើតឡើងនៅក្នុង ភូមិ វ៉ុលណា (Volna) នៃតំបន់រដ្ឋបាល ធែមរីយុគ (Temryuk)។ ឃ្លាំងស្ដុកប្រេងនេះស្ថិតនៅក្បែរស្ពានគ្រីមៀ ឬស្ពានច្រកសមុទ្រឃឺស (Kerch) ដែលតភ្ជាប់រុស្ស៉ីជាមួយតំបន់ គ្រីមៀដែលទីក្រុងមូស្គូ បានក្រសោបយកពីអ៊ុយក្រែន ដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។ លោក កុនដ្រាទីយ៉េវ មិនបានលម្អិតពីមូលហេតុ ឬក៏ចោទថាតើ អគ្គិភ័យនេះជាស្នាដៃរបស់នរណានោះឡើយ។
គួរបញ្ជាក់ថា អគ្គិភ័យខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយឃ្លាំងស្ដុកប្រេងរបស់រុស្ស៉ីនៅក្នុងទីក្រុង សេវ៉ាស្ដូលប៉ូល (Sevastopol) នៃតំបន់គ្រីមៀ រងការវាយប្រហារដោយយន្ដហោះដ្រូន កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយទីក្រុងមូស្គូចោទថាការវាយប្រហារនេះជាស្នាដៃរបស់អ៊ុយក្រែន។ រីឯក្រុមមន្ត្រីអ៊ុយក្រែន ក៏បានទទួល ស្គាល់ដែរថាការវាយប្រហារដោយយន្ដហោះដ្រូនលើឃ្លាំងស្ដុកប្រេងរុស្ស៉ី គឺជាសារមួយបង្ហាញពីការត្រៀមលក្ខណៈបើកប្រតិបត្តិការវាយបកនិទាឃរដូវប្រឆាំងនឹងរុស្ស៉ី ឆាប់ៗខាងមុខនេះ៕