(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុប មានផែនការវិនិយោគប្រាក់ ៥០០លានអឺរ៉ូ ឬស្មើនឹងជាង ៥៥០លានដុល្លារ ដើម្បីបង្កើនការផលិតគ្រាប់រំសេវសម្រាប់ផ្ដល់ឱ្យអ៊ុយក្រែន និងបំពេញស្ដុករបស់បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។
នៅក្រោមផែនការខាងលើ ដែលនឹងត្រូវធ្វើបទបង្ហាញដោយគណៈកម្មការអឺរ៉ុប នៅថ្ងៃពុធសប្ដាហ៍នេះ សហភាពអឺរ៉ុបមានគម្រោងផ្ដល់ជំនួយដល់បណ្ដាក្រុមហ៊ុនផលិត អាវុធអឺរ៉ុប ដើម្បីវិនិយោគលើការបង្កើនការផលិតគ្រាប់រំសេវ និងមីស៊ីល។ ប៉ុន្តែ ផែនការនេះចាំបាច់ត្រូវការការអនុម័តយល់ព្រមពីបណ្ដារដ្ឋាភិបាលនៃប្រទេសជា សហភាពអឺរ៉ុប និងសភាអឺរ៉ុបជាមុនសិន។
គួរបញ្ជាក់ថា បើតាមឯកសារសម្ងាត់យោធាអាមេរិក ដែលបានបែកធ្លាយកាលពីពេលថ្មីៗនេះ អ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវយ៉ាងខ្លាំង ហើយខណៈ អ៊ុយក្រែនកំពុងត្រៀមបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួន ដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ គ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្រ គឺជាតម្រូវការ ចាំបាច់បំផុតមួយសម្រាប់ទីក្រុងកៀវ៕