(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr កំពុងស្ថិតក្នុងសហរដ្ឋអាមេរិក នាឱកាសបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃចន្ទ ទី១ ខឧសភា ដើម្បីបើកកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លើការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅ។ នៅមុនដំណើរទស្សនកិច្ចនេះកើតឡើង រដ្ឋបាលលោក Marcos បានអនុញ្ញាតឱ្យយោធាអាមេរិកអាចចូលប្រើមូលដ្ឋានទ័ពហ្វីលីពីនចំនួន ៤បន្ថែមពីលើមូលដ្ឋានទ័ពចំនួន៥ ដែលកងទ័ពអាមេរិកកំពុងប្រើប្រាស់នៅក្រោមកិច្ចព្រមព្រៀង EDCA (Enhanced Defence Cooperation Agreement) ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤។

នៅក្រោមកិច្ចព្រមព្រៀង EDCA ហ្វីលីពីនមិនបានអនុញ្ញាតឱ្យកងទ័ពអាមេរិក ឈរជើងលើមូលដ្ឋានទ័ពរបស់ខ្លួនជាអចិន្ត្រៃយ៍នោះទេ ប៉ុន្តែបានយល់ព្រមឱ្យសហរដ្ឋអាមេរិក សាងសង់ និងអាចប្រើហេដ្ឋារចនាសម្ព័ន្ធនៅលើមូលដ្ឋានទ័ពទាំងនោះ ក្នុងនោះរួមមានព្រលានយន្ដហោះ និងឃ្លាំងស្ដុកឥន្ធនៈជាដើម។ ក្រោយការប្រកាសពីកិច្ចព្រមព្រៀងនេះ ស្ថានទូតអាមេរិកប្រចាំប្រទេសហ្វីលីពីន បានកត់សម្គាល់ថាតាមរយៈ EDCA សហរដ្ឋអាមេរិកនឹងផ្ដល់ការគាំទ្រ ក៏ដូចជាជួយដល់គោលបំណងរបស់ហ្វីលីពីន ក្នុងការពង្រឹង សមត្ថភាពត្រៀមលក្ខណៈនៃកងកម្លាំងប្រដាប់អាវុធ ការធ្វើទំនើបកម្មយោធា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើអន្តរប្រតិបត្តិការជាមួយយោធាអាមេរិក។

សម្រាប់លោក Marcos ការពង្រីកវិសាលភាពនៃកិច្ចព្រមព្រៀង EDCA មានគោលដៅផ្ដល់ផលប្រយោជន៍ដល់ហ្វីលីពីន តាមរយៈការពង្រឹងឡើងវិញនូវសម្ព័ន្ធភាពជាមួយ សហរដ្ឋអាមេរិក ដែលធ្លាប់បានធ្លាក់ចុះដុនដាបស្ទើរដល់បាត នៅក្រោមអាណត្តិរបស់អតីតប្រធានាធិបតី លោក រ៉ូឌី្រហ្គោ ឌូតើតេ។ មួយរយៈពេលដ៏ខ្លី ក្រោយការត្រឡប់ទៅរក ភាពល្អូកល្អើននឹងគ្នាជាថ្មី ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីលបានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយមានឈ្មោះថា Balikatan ដោយមានការចូលរួមពី កងទ័ពហ្វីលីពីន ៥,៤០០នាក់ កងទ័ពអាមេរិក ១២,០០០នាក់ និងកងទ័ព ១១១នាក់ មកពីអូស្ត្រាលី។ មិនតែប៉ុណ្ណោះ មូលដ្ឋានទ័ពថ្មីៗ នៅក្រោម EDCA ក៏នឹងផ្ដល់ ភាពងាយស្រួលផងដែរដល់ការផ្គត់ផ្គង់ និងការដំឡើងបរិក្ខារយោធានៅទូទាំងប្រទេសហ្វីលីពីន ដែលអាចនឹងត្រូវបានប្រើសម្រាប់ការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមបះបោរ និងជាការឆ្លើយតបទៅនឹងគ្រោះមហន្តរាយណាមួយ។

កាន់តែពិសេសទៅទៀត ហ្វីលីពីនអាចទាញប្រយោជន៍ពី EDCA ដោយប្រើវាជាការកំញើញទប់ស្កាត់មួយប្រឆាំងនឹងសកម្មភាពយោធារបស់ចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលប្រទេសទាំង២ នៅតែប្រឈមមុខដាក់គ្នាដោយភាពតានតឹង បើទោះជាក្រោមជំនាន់លោក ឌូតើតេ ហ្វីលីពីន បានព្យាយាមសម្រុះសម្រួលជាមួយទីក្រុងប៉េកាំង ក៏នៅតែមិនបានទទួលផលអ្វីធំដុំនោះដែរ។ មូលដ្ឋានទ័ពមួយកន្លែងនៅក្រោម EDCA នោះគឺមូលដ្ឋានទ័ពនៅលើកោះ Balabac Island មានទីតាំងស្ថិតនៅចុងភាគនិរតីនៃខេត្ត Palawan គឺស្ថិតនៅកៀកទីប្រជុំកោះ Spratly ជាទីដែលឆ្មាំសមុទ្រចិន និងហ្វីលីពីនតែងតែប្រឈមមុខដាក់គ្នាជារឿយៗ។

តែទោះជាបែបនេះក្ដី ការពង្រីកវិសាលភាពកិច្ចព្រមព្រៀង EDCA មិនមែនមិនមានផលវិបាកនោះឡើយ។ ក្រុមសមាជិកព្រឹទ្ធសភាហ្វីលីពីនមួយចំនួន បាននិងកំពុងនាំគ្នាចោទសួរ និងបង្ហាញក្ដីព្រួយបារម្ភពីការអនុញ្ញាតឱ្យកងទ័ពអាមេរិកប្រើមូលដ្ឋានទ័ពហ្វីលីពីនបន្ថែម។ ជាក់ស្ដែងដូចជា មូលដ្ឋានទ័ពស្ថិតនៅភាគខាងជើងនៃប្រទេស រួមមាន Camp Melchor Dela Cruz, Lal-lo Airport និង Camilo Osias Naval Base ដោយសារតែមូលដ្ឋានទ័ពទាំងនេះស្ថិតនៅកៀកនឹងតៃវ៉ាន់ពេក ហើយពួកគេបារម្ភថាមូលដ្ឋានទ័ពភាគខាងជើង ទាំងនេះអាចនឹងត្រូវបានប្រើប្រាស់ក្នុងជម្លោះ ឬសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិន ទាក់ទងនឹងកោះតៃវ៉ាន់។ ជាឧទាហរណ៍ មូលដ្ឋានទ័ពជើងទឹក Camilo Osias មានទីតាំងស្ថិតនៅចម្ងាយ៥០០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង Kaohsiung នៃភាគខាងត្បូងកោះតៃវ៉ាន់។

ក្រុមអ្នកវិភាគភាគច្រើនយល់ថា មូលដ្ឋានទ័ពទាំងនេះទៀតសោត អាចនឹងផ្ដល់ការគាំទ្រ «ឡូហ្ស៉ីស្ទីគ» យ៉ាងសំខាន់ដល់កងទ័ពអាមេរិក នៅក្នុងករណីសង្រ្គាមនៅតៃវ៉ាន់ ផ្ទុះឡើង ហើយបើទោះជាលោក Marcos អះអាងថាមូលដ្ឋានទ័ពនៅក្រោមកិច្ចព្រមព្រៀង EDCA នឹងមិនត្រូវបានប្រើសម្រាប់ជាទីតាំងបើកការវាយលុកក៏ដោយ ក៏ហ្វីលីពីន ពិបាកនឹងយក រួចខ្លួនណាស់ពីជម្លោះរវាងអាមេរិក និងចិន។ ពោលគឺទោះចង់ ឬមិនចង់ តាមរយៈកិច្ចព្រមព្រៀង EDCA ហ្វីលីពីន បាន និងកំពុងចូលរួមជាមួយសហរដ្ឋអាមេរិករួចទៅហើយក្នុង ការត្រៀមលក្ខណៈដើម្បីការពារតៃវ៉ាន់។ ម្យ៉ាងវិញទៀត បើសង្រ្គាមផ្ទុះឡើង ហ្វីលីពីនក៏អាចនឹងក្លាយជាគោលដៅវាយប្រហាររបស់ចិនផងដែរ ដោយសារតែវត្តមានកងទ័ពអាមេរិក នៅលើទឹកដីហ្វីលីពីន។

ចំណែកឯ បញ្ហាផ្សេងទៀតនៃការពង្រីកវត្តមានកងទ័ពអាមេរិក នោះគឺកេរតំណែលអាណានិគមអាមេរិក។ ប្រជាជនហ្វីលីពីនមួយចំនួននៅតែមានការចងចាំមិនល្អ ចំពោះបទឧក្រិដ្ឋ ដែលប្រព្រឹត្តឡើងដោយទាហានម៉ារីនអាមេរិក មានទាំងការរំលោភសេពសន្ថវៈ និងឃាតកម្ម ដែលជាមូលហេតុមួយនៃការប្រឆាំងនឹងវត្តមានកងទ័ពអាមេរិក នៅក្នុងចំណោម ប្រជាជនហ្វីលីពីន។ កិច្ចព្រមព្រៀង Visiting Forces Agreement ឆ្នាំ១៩៩៩ បានផ្ដល់គោលការណ៍ណែនាំ និងផ្លូវច្បាប់ដល់យោធាអាមេរិកឈរជើងនៅហ្វីលីពីន។ ក៏ប៉ុន្តែ យោធាអាមេរិកនៅតែមានសិទ្ធិអំណាចធំជាងអាជ្ញាធរហ្វីលីពីន នៅក្នុងការឃុំខ្លួនទាហានអាមេរិកដែលប្រព្រឹត្តបទឧក្រិដ្ឋនៅលើទឹកដីហ្វីលីពីន។

ការពង្រីកកិច្ចព្រមព្រៀង EDCA នឹងក្លាយជាការត្រួសត្រាយផ្លូវឱ្យសហរដ្ឋអាមេរិកពង្រីកវត្តមានយោធារបស់ខ្លួនឡើងវិញ ចាប់តាំងពីឆ្នាំ១៩៩២មក ជាពេលដែលទីក្រុងវ៉ាស៊ីនតោន បានបិទមូលដ្ឋានទ័ពអចិន្ត្រៃយ៍ធំៗរបស់ខ្លួនក្នុងប្រទេសហ្វីលីពីន។ ដូច្នេះខណៈការបង្កើនវត្តមានយោធាអាមេរិក អាចនឹងផ្ដល់នូវកម្លាំងតុល្យភាពសម្រាប់ឱ្យហ្វីលីពីន ក្នុងការអភិវឌ្ឍ សមត្ថភាពយោធារបស់ខ្លួន វាក៏មានឧបសគ្គដែលហ្វីលីពីនត្រូវដោះស្រាយដែរ។ នោះគឺដោយសារតែទំនាក់ទំនង «មិនស៊ីម៉េទ្រីគ្នា» រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ដោយមួយជា កំពូលមហាអំណាច និងមួយទៀតជាប្រទេសធម្មតា រដ្ឋបាលលោក Marcos ត្រូវតែបង្ហាញឱ្យប្រជាជនហ្វីលីពីនបានឃើញថាកិច្ចព្រមព្រៀង EDCA នឹងមិនធ្វើឱ្យហ្វីលីពីនត្រូវរណប សហរដ្ឋអាមេរិកទេ ហើយក៏នឹងមិនធ្វើតាមរបៀបវារៈសន្តិសុខ ក្នុងតំបន់របស់សហរដ្ឋអាមេរិកគ្រប់តែរឿងនោះដែរ។ តែដំណាលគ្នា ហ្វីលីពីនដឹងខ្លួនយ៉ាងច្បាស់ថាដើម្បីប្រឈមមុខ ជាមួយមហាអំណាចដែលនៅក្បែររបងផ្ទះដូចជាចិន ទីក្រុងម៉ានីលចំាបាច់ត្រូវតែមានមហាអំណាចដូចសហរដ្ឋអាមេរិកជាខ្នងបង្អែក៕