(វ៉ាស៊ីនតោន)៖ មន្ត្រីសេតវិមានអាមេរិក បានបញ្ចេញនូវតួលេខស្លាប់និងរបួសរបស់ទាហានរុស្ស៊ីក្នុងរយៈ ពេល៥ចុងក្រោយនេះ ប៉ុន្តែមិនបានបញ្ចេញនូវតួលេខស្លាប់និងរបួសរបស់ទាហានអ៊ុយក្រែនឡើយ។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានថ្លែងថា ក្នុង រយៈពេល៥ខែចុងក្រោយនេះ ទាហានរុស្ស៊ីដែលបានស្លាប់ និងរបួសមានប្រមាណ១០ម៉ឺននាក់ ក្នុងនោះទាហានភាគច្រើនបានស្លាប់ក្នុងការវាយប្រហារដណ្តើមគ្រប់គ្រងក្រុងបាក់មុត។
មន្ត្រីសេតវិមានបានថ្លែងថា កម្លាំងទាហានរុស្ស៊ីស្លាប់ជាច្រើនម៉ឺននាក់ បើទោះបីជាមានសេច ក្តីរាយការណ៍ជុំវិញប្រៀបក្នុងសមរភូមិរបស់រុស្ស៊ីនោះក៏ដោយ។ មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Kirby បានថ្លែងកាលពីថ្ងៃចន្ទថា គិតត្រឹមពីខែធ្នូ ឆ្នាំ២០២២ នោះមក មានទាហានរុស្ស៊ីបានស្លាប់និងរបួសសារុបប្រមាណ១០ ម៉ឺននាក់ ក្នុងនោះគ្រាន់តែ ចំនួនអ្នកស្លាប់មានច្រើនរហូតដល់ទៅជាង ២ ម៉ឺននាក់។
លោក John Kirby បានថ្លែងថា «សម្រាប់រុស្ស៊ី ការខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសនៅ ក្នុងសមរភូមិក្រុងបាក់មុត គឺបានមកក្នុងតម្លៃដ៏ខ្ពស់បំផុតគួរឲ្យខ្លាច»។ លោកបានបន្តថា «រុស្សីបានប្រើប្រាស់ស្ទើរតែអស់អាវុធពីឃ្លាំងស្តុកយោធា និងបាត់បង់កងកម្លាំងប្រដាប់អាវុធ របស់ខ្លួនជាច្រើនគិតចាប់តាំងពីខែធ្នូឆ្នាំ២០២២»។ លោកបានថ្លែងថាសង្គ្រាមក្នុងក្រុងបាក់មុត ដែលមានការបាញ់ផ្លោងនិងការវាយប្រយុទ្ធដាក់គ្នានោះ គឺមានតាំងពីមុនខែធ្នូនោះមកម្ល៉េះ ប៉ុន្តែលោកថាបើគិតត្រឹមពីខែធ្នូកន្លងមកគេ «បានប្រមាណថា រុស្សីមានករណីស្លាប់និងរង របួសប្រមាណជាង១០ម៉ឺននាក់ ក្នុងនោះរួមមានជាង២ម៉ឺននាក់ដែលបានស្លាប់ក្នុងការប្រយុទ្ធ»។
សមរភូមិក្នុងក្រុងបាក់មុត បើទោះបីជាទីក្រុងដ៏តូចមួយនោះមែន ប៉ុន្តែវាជាសមរភូមិស៊ីសាច់ហុតឈាម។ ទាហានរុស្ស៊ីបានកាប់កាប់កន្លែងភាគច្រើនបំផុតក្នុងក្រុងដែលខ្ទេចខ្ទាំនេះ ខណៈ អ៊ុយក្រែនបានព្យាយាមវាយទប់ទល់មិនព្រមឱ្យក្រុងនេះធ្លាប់ចូលការគ្រប់គ្រងទាំងស្រុងរបស់ ទាហានរុស្ស៊ីនោះឡើយ។ ទាហានអ៊ុយក្រែនបាននិយាយថា គេទុកប្រើប្រាស់ការធ្វើសង្គ្រាម នៅក្នុងក្រុងបាក់មុតនេះ ដើម្បីសម្លាប់ជីវិតទាហានរុស្ស៊ីឱ្យបានច្រើនបំផុតដែលគេអាចធ្វើទៅ បានដើម្បីកាត់បន្ថយកម្លាំងទាហានរុស្ស៊ីនិងការបង្ខាតគ្រាប់អាវុធរំសេវនោះថែមទៀត។
សម្តីវាយតម្លៃរបស់មន្ត្រីសេតវិមានអាមេរិកអំពីការខាតបង់ធ្ងន់ធ្ងររបស់ទាហានរុស្ស៊ីនេះ បាន ធ្វើឡើងខណៈការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញបាននិងកំពុងប្រព្រឹត្តទៅនាតំបន់ភាគខាងកើតក្នុងខេត្តដូណេតស៍ ដែលក្នុងនោះកងទ័ពរុស្ស៊ីត្រូវគេនិយាយថាបានប្រឹងទាំងក្តីលំបាកបំផុតដើម្បីតែការព្យាយាមដណ្ដើមយកទីក្រុងបាក់មុត ខណៈអ៊ុយក្រែនបន្តការក្រាញននៀលតស៊ូ មិនព្រមបោះបង់សមរភូមិនេះឡើយ។ កិច្ចប្រឹងប្រែងរបស់រុស្ស៊ីនៅក្នុងសមរភូមិនេះ ទោះជា យ៉ាងណាក៏ដោយ នៅតែបង្ហាញប្រៀបឈ្នះរបស់ខ្លួនជានិច្ច នៅលើសមរភូមិក្រុងបាក់មុត ដែលអ៊ុយក្រែនបានចាត់ទុកថាជា «ផ្លូវនៃជីវិត» ដ៏សំខាន់មួយ។ បើសិនជាអ៊ុយក្រែនបាត់បង់ ក្រុងបាក់មុតមែននោះ ក្រុងមួយដែលស្ថិតក្នុងភាគខាងលិចឈ្មោះក្រុង Chasiv Yar ចម្ងាយ ប្រមាណ១៧គីឡូម៉ែត្រនឹងត្រូវក្លាយជាក្រុងអាចបាត់បង់បន្តទៀត ដែលនឹងអាចបង្កការ បាក់ទឹកចិត្តដល់ទាហានអ៊ុយក្រែនដទៃទៀត ខណៈទាហានរបស់រដ្ឋាភិបាលក្រុងគៀវកំពុង ត្រៀមបើកយុទ្ធនាការវាយលុករដូវ Spring ។
សេចក្តីរាយការណ៍បន្តទៀតថា បើសិនជាក្រុង «ផ្លូវនៃជីវិត» នោះបាត់បង់ពិតមែននោះ បណ្តាក្រុងដទៃទៀតដូចជាក្រុង Kramatorsk និងក្រុង SloViansk នៅក្នុងខេត្ត Donetsk ក៏នឹងអាចត្រូវបាត់បង់ជាបន្ទាប់ថែមទៀតដែរ។ ដូច្នេះហើយ ការការពារនៅក្នុងសមរភូមិក្រុងបាក់មុត គឺជាភាពចាំបាច់មួយរបស់អ៊ុយក្រែន។
មេបញ្ជាការយោធាអ៊ុយក្រែនម្នាក់គឺលោកឧត្តមសេនីយ៍ អូឡេកសាន សៀស្គី Oleksandr Syrskyi ដែលជាមេបញ្ជាការប្រយុទ្ធនៅលើសមរភូមិបាក់មុត បានថ្លែងនៅថ្ងៃចន្ទ ទី១ឧសភា ថា ស្ថានការណ៍លើសមរភូមិនៃជា «ផ្លូវនៃជីវិត» ដ៏សំខាន់នេះ មានភាពលំបាកជាខ្លាំង ប៉ុន្តែ លោកថាទាហានអ៊ុយក្រែនបានតស៊ូប្រឹងប្រែងធ្វើការវាយបកទប់ទល់ទៅវិញតាមកន្លែងខ្លះ នៅលើសមរភូមិនោះ។
ភាពលំបាកលើសមរភូមិបាក់មុតនេះ មិនមែនមានតែត្រឹមកងកម្លាំងអ៊ុយក្រែនប៉ុណ្ណោះទេ។ ទាហានស៊ីឈ្នួលឯកជនរបស់រុស្ស៊ី Wagner ក៏បានត្អូញត្អែរអំពីការប្រឈមនឹងភាពលំបាក ដូចគ្នាប៉ុន្តែម្នាក់ៗបានព្យាយាមជំនះឧបសគ្គរៀងៗខ្លួន។ មេបញ្ជាការក្រុម Wagner លោក Yevgeny Prigozhin បានអំពាវនាវសាជាថ្មីទៅកាន់ក្រសួងការពារជាតិរុស្ស៊ីដើម្បីជួយបង្កើន ការផ្គត់ផ្គង់គ្រាប់រំសេវមកជាបន្ថែមទៀតផ្តល់មកឲ្យក្រុមទាហានរបស់លោក ដើម្បីការវាយ ដណ្ដើមយកទីក្រុងបាកមុតឱ្យបានទាំងស្រុង ។ លោក Yevgeny Prigozhin បានថ្លែងតាម ការផ្សាយវីដេអូមួយតាមប្រព័ន្ធតេឡេក្រាម Channel ដោយបាននិយាយថា ក្រុមWagner របស់លោកត្រូវការគ្រាប់កាំភ្លើងផ្លោងយ៉ាងហោច៣០០តោនក្នុងមួយថ្ងៃ សម្រាប់ធ្វើការវាយលុក ។ លោកបានបន្តថាគ្រាប់កាំភ្លើងផ្លោង៣០០ តោន ដែលស្មើនឹង ១០ កុងតេន័រនោះគឺ មិនច្រើននោះទេ ប៉ុន្តែលោកថានៅលើសមរភូមិនេះ ក្រុមទាហានរបស់លោកបានទទួលនោះ គែមិនលើសពី ១ ភាគ ៣ នៃចំនួនគ្រាប់ដែលលោកត្រូវការនោះផង ។
ទីក្រុងបាកមុត ដែលធ្លាប់មានប្រជាជនរស់នៅជាង ៧ម៉ឺននាក់ បានរងភាពខ្ទេចខ្ទាំយ៉ាងខ្លាំង ដោយ សារតែការបាញ់ផ្លោងរាប់ខែដាក់គ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ។ លោក ព្រីកូហ្ស៊ីន បាននិយាយកាលពីខែមេសាកន្លងមកនេះថាកម្លាំងរបស់លោកបានគ្រប់គ្រងក្នុងទីក្រុងបាក់ មុតនេះ បានជាង៨០% ហើយ។ ប៉ុន្តែនៅជាមួយនឹងការអះអាងជុំវិញការគ្រប់គ្រងបានច្រើន នេះ មន្ត្រីសេតវិមានសហរដ្ឋអាមេរិក បានព្យាយាមនិយាយទម្លាក់ទឹកចិត្តរបស់ក្រុមយុទ្ធជន រុស្ស៊ីដែលកំពុងប្រយុទ្ធលើសមរភូមិបាក់មុត ដោយបង្ហាញថាគឺចំនួនទាហានរុស្ស៊ី បានស្លាប់ និងរបួសជាច្រើន ដោយសារតែការប្រឹងប្រែងចង់គ្រប់គ្រងលើក្រុងបាក់មុតដែលស្ទើរតែរង ភាពខ្ទេចខ្ទាំអស់ទៅហើយនេះ។
មន្ត្រីនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី បានថ្លែងថា តួលេខប៉ាន់ ស្មានរបស់សហរដ្ឋអាមេរិកជុំវិញការស្លាប់និងរបួសរបស់ទាហានរុស្ស៊ីនេះគឺផ្អែកលើឯកសារចារកម្មដែលទើបដាក់ជាសាធារណៈកាលពីពេលថ្មីៗ ប៉ុន្តែ លោកមិនបានបញ្ជាក់ទេថាតើព័ត៌មានចារកម្មទាំងនោះ បានស្រង់តួលេខនេះតាមរបៀបណានោះឡើយ ។ លោក ចន ឃើប៊ី បានថ្លែងថា ទាហានរុស្ស៊ីដែលបានស្លាប់ចាប់ពីខែធ្នូនោះ គឺប្រមាណជិតពាក់កណ្ដាលគឺជាទាហានស៊ីឈ្នួលរបស់ក្រុមវែកន័រ ដែលភាគច្រើនជាក្រុមពិរុទ្ធជននិងដែលត្រូវ បានរុស្ស៊ីដោះ លែងជាថ្នូរដើម្បីឲ្យចូលរួមជាមួយរុស្ស៊ីក្នុងការធ្វើសង្គ្រាម។ ទាហានដែលជាអតីតក្រុមពិរុទ្ធ ជនរបស់រុស្ស៊ីនោះ ត្រូវមន្ត្រីសេតវិមាននិយាយបង្អាប់ទៀតថា គឺជាក្រុមដែលរុស្ស៊ីចេះតែ បញ្ជូនឱ្យមកស្លាប់ក្នុងសមរភូមិ ដោយសារតែពួកគេមិនធ្លាប់មានបទពិសោធន៍និងជំនាញលើ ការប្រយុទ្ធគ្នានោះឡើយ។
មន្ត្រីសេតវិមានរូបនោះ មិនបានផ្តល់នូវចម្លើយដែលគេសួរថាតើមានទាហានអ៊ុយក្រែនប៉ុន្មាន នាក់វិញដែលត្រូវបានទាហានរុស្ស៊ីសម្លាប់និងធ្វើឱ្យរបួសនោះឡើយ។ ប៉ុន្តែមន្ត្រីយោធាអាមេ រិកធ្លាប់បានវាយតម្លៃកាលពីខែវិច្ឆិកាឆ្នាំ២០២២កន្លងមក ដោយបញ្ជាក់ថាមានទាហានអ៊ុយ ក្រែនស្លាប់និងរបួសប្រមាណ១០ម៉ឺននាក់ ចាប់តាំងពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ដែលសង្គ្រាម បានចាប់ផ្តើម។ ការវាយតម្លៃនេះ គឺត្រឹមតែរយៈពេលប្រមាណ១០ខែដំបូងនៃសង្គ្រាមដែល ឆាបឆេះមកតែប៉ុណ្ណោះ។ ប៉ុន្តែបើគិតមកត្រឹមថ្ងៃទី២ខែឧសភាឆ្នាំ២០២៣ សង្គ្រាមបានអូស បន្លាយរយៈពេល១៤ខែនិងមួយសប្តាហ៍រួចមកហើយ។
ក្នុងសប្តាហ៍ដែលទើបនឹងឈានចូលមកនេះ រុស្ស៊ីបានបង្កើនការវាយលុកដាក់លើបណ្តាក្រុង អ៊ុយក្រែនខណៈយុទ្ធនាការរដូវ Spring របស់អ៊ុយក្រែនត្រូវគេឃើញថា នៅមិនទាន់បានចាប់ ផ្តើមមែនទែននៅឡើយនោះទេ។ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងកាលពីថ្ងៃច័ន្ទទី១ឧសភាថា ការវាយប្រហារតែមួយយប់ដោយ ប្រើប្រាស់អាវុធមីស៊ីល បានបាញ់ចំលើគោលដៅយោធាអ៊ុយក្រែនជាច្រើន ក្នុងនោះរួមមាន ការបាញ់ចំឃ្លាំងអាវុធនិងរោងចក្រផលិតគ្រាប់រំសេវថែមទៀត។ មន្ត្រីយោធាអ៊ុយក្រែនបាន ថ្លែងមកវិញថា ក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីនោះ កងកម្លាំងអាកាសរបស់ អ៊ុយក្រែនបានបាញ់ទម្លាក់គ្រាប់មីស៊ីលចំនួន១៥គ្រាប់ ក្នុងចំណោម១៨គ្រាប់ដែលរុស្ស៊ីបាន បាញ់ដាក់មកលើក្រុងគៀវ និងមកលើក្រុង Dnipro កាលពីថ្ងៃច័ន្ទកន្លងមកនេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី បានថ្លែងតាមបណ្តាញសង្គមកាលពីយប់ថ្ងៃចន្ទ បញ្ជាក់ថា ការវាយប្រហារដោយគ្រាប់មីស៊ីល របស់រុស្ស៊ីកាលពីថ្ងៃទី១ឧសភានោះ បានធ្វើ ឱ្យមានមនុស្សស្លាប់ចំនួន២នាក់និង៤០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងក្រុងភាគខាងកើត ប៉ាវឡូរ៉ាដ Pavlohrad ។ លោក ហ្សេឡិនស្គី បានថ្លែងថា ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ត្រូវបានស្លាប់នៅក្បែរសាលារបស់គេ នៅក្នុងតំបន់ Chernihiv ក្បែរព្រំដែនរបស់រុស្ស៊ី។
រុស្ស៊ីនាវេលាចុងក្រោយនេះ ត្រូវគេរាយការណ៍អំពីការបង្កើនវាយប្រហារតាមផ្លូវអាកាសដាក់ មកលើបណ្តាក្រុងនៃប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន, រុស្ស៊ីក៏បានធ្វើការវាយ ប្រហារតាមផ្លូវអាកាសដាក់លើបណ្តាក្រុងអ៊ុយក្រែន បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន២៦ នាក់។ ក្នុងប្រតិកម្មតបតវិញ អ៊ុយក្រែនត្រូវគេរាយការណ៍ថា បានប្រើដ្រូនអត្តឃាតរបស់ខ្លួន
បាញ់ឆេះធុងដាក់ប្រេងធំៗចំនួនជាង១០ធុងរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀរនោះវិញ។ មន្ត្រីយោធារបស់ អ៊ុយក្រែនបានថ្លែងថាការកម្ទេចស្បៀងរបស់រុស្ស៊ី គឺជាផ្នែកមួយនៃយុទ្ធនាការ វាយលុករដូវ Spring របស់អ៊ុយក្រែនដើម្បីបន្សាបឥទ្ធិពលយោធារបស់រុស្ស៊ី៕