(ឡុងដ៍)៖ បុរសជាឪពុកបាននិយាយថា ក្មេងស្រីអង់គ្លេសអាយុ៣ឆ្នាំ និងម្តាយរបស់នាងជាប់ក្នុងប្រទេសស៊ូដង់ បន្ទាប់ពីមន្ត្រីការទូតចក្រភពអង់គ្លេសបដិសេធមិនព្រមជម្លៀសពួកគេចេញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០២ ខែឧសភា ឆ្នាំ២០២៣។
លោក Amar Idris បាននិយាថា កុមារី Samrin Idris និងម្តាយរបស់នាងអាយុ ៤១ឆ្នាំ ឈ្មោះ Amina កំពុងជាប់គាំងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Port Sudan បន្ទាប់ពីបានរត់គេចពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធនៅទីក្រុង Khartoum ។
អ្នកទាំងពីរបានភៀសខ្លួនចេញពីរដ្ឋធានីស៊ូដង់ ក្នុងគោលបំណងដើម្បីទទួលបានជើងហោះហើរជម្លៀសចុងក្រោយ ចេញពីប្រទេសទៅកាន់ចក្រភពអង់គ្លេសកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានបដិសេធមិនឱ្យចូលយន្តហោះដោយសារមិនមានទិដ្ឋាការចក្រភពអង់គ្លេស។
លោក Idris បាននិយាយថា មន្ត្រីអង់គ្លេសបានរារាំង នាង Amina ដែលជាម្តាយមិនឱ្យឡើងយន្តហោះ ដោយសារតែមិនមានទិដ្ឋាការចក្រភពអង់គ្លេស។ ប៉ុន្តែកូនស្រីត្រូវបានឱ្យឡើងយន្តហោះ ប៉ុន្តែបន្ទាប់មកពួកគេបានប្រាប់ម្តាយវិញថា កូនស្រីរបស់គាត់មិនអាចឡើងជិះយន្តហោះតែម្នាក់ឯងបានទេ។
បុរសជាប្តីបាននិយាយថា «ព្រឹកមិញពួកគេ (អ្នកការទូតអង់គ្លេស) បាននិយាយថាពួកគេនឹងយកកុមារីឡើងជិះយន្តហោះតែម្នាក់ឯង។ បន្ទាប់មកពួកគេបានត្រឡប់មកវិញ ហើយនិយាយថា ពួកគេមិនអាចយកកូនដោយគ្មានម្តាយបានទេ។ ពួកគេបានផ្លាស់ប្តូរចិត្ត»។
រឿងនេះវាកើតឡើងនៅពេលដែលអ្នកការទូតអង់គ្លេស ដោយមានជំនួយពីទាហាន បានជម្លៀសពលរដ្ឋអង់គ្លេសជាង ២,០០០នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចំពេលមានបទឈប់បាញ់គ្នា ដែលមិនសប្បាយចិត្តរវាងបក្សពួកដែលកំពុងប្រយុទ្ធនៅក្នុងប្រទេស៕